(ម៉ានីល)៖ អនុប្រធានាធិបតីនៃប្រទេសហ្វីលីពីន លោកស្រី Sara Duterte បានស្នើទៅកាន់តុលាការកំពូល ឱ្យលុបចោលការចោទប្រកាន់​ដកតំណែងរបស់លោកស្រី ខណៈវាគឺជាការធ្វើសកម្មភាពលើកដំបូងតាមផ្លូវច្បាប់ ដើម្បីប្រឆាំងតតាំងសំណុំរឿងមួយ ដែលអាចនាំ​ឱ្យលោកស្រី ត្រូវអស់តំណែងជាអនុប្រធានាធិបតី ហើយមិនអាចកាន់តួនាទី ក្នុងរដ្ឋាភិបាលមួយជីវិត។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥។

កាលពីថ្ងៃទី៥ ខែកុម្ភៈ រដ្ឋសភាហ្វីលីពីន បានអនុម័តការចោទប្រកាន់ដកតំណែងលោកស្រី ពាក់ព័ន្ធ​ការប្រើប្រាស់ថវិការដ្ឋ​ក្នុងផ្លូវខុស ភាពមិនប្រក្រតីនៃចំនួនទ្រព្យសម្បត្តិ និងការគំរាមកំហែងចំពោះអាយុជីវិតប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos ព្រមទាំងភរិយារបស់លោក ហើយនិងប្រធានរដ្ឋសភា។

លោកស្រី Duterte បានប្រកែកម្តងហើយម្តងទៀតថា ខ្លួនមិនបានប្រព្រឹត្តខុសអ្វីទាំងអស់ ហើយបានអះអាងថា ការព្យាយាមទម្លាក់​លោកស្រីពីតំណែងនេះ ដែលកើតមានឡើង បន្ទាប់ពីសម្ព័ន្ធភាពរវាងគ្រួសារលោកស្រី ជាមួយលោក Marcos បានដួលរលំនោះ គឺត្រូវបានជំរុញដោយចេតនានយោបាយ។ ក្នុងញត្តិដាក់ទៅកាន់តុលាការកំពូល លោកស្រីអនុប្រធានាធិបតីហ្វីលីពីន បានចោទថា រដ្ឋសភាបានប្រើប្រាស់សិទ្ធិអំណាចរបស់ខ្លួន ដោយរំលោភបំពាន និងបានស្នើឱ្យតុលាការ រារាំងកុំឱ្យព្រឹទ្ធសភាចាប់ផ្តើមសវនាការ​ដកតំណែង ដែលប្រធានព្រឹទ្ធសភាកន្លងមក បានឱ្យសញ្ញាថា អាចនឹងប្រព្រឹត្តទៅ នៅខែមិថុនា ឆ្នាំនេះ ក្រោយការបោះឆ្នោត​ពាក់កណ្តាលអាណត្តិ ក្នុងខែឧសភា។

គួរបញ្ជាក់ថា សមាជិកទាំង២៤រូប នៅព្រឹទ្ធសភាហ្វីលីពីន នឹងដើរតួនាទីជាគណៈវិនិច្ឆ័យ ក្នុងសវនាការជំនុំជម្រះនោះ ដែលអាចនាំ​ទៅរក ការដកហូតតំណែងជា អនុប្រធានាធិបតីរបស់លោកស្រី Duterte ព្រមទាំងការដាក់បម្រាមអស់មួយជីវិត មិនឱ្យកាន់តួនាទី​ក្នុងជួររដ្ឋាភិបាល ខណៈប្រការនេះនឹងធ្វើឱ្យលោកស្រី គ្មានឱកាស អាចបានក្លាយជាប្រធានាធិបតីឡើយ។ លោកស្រី Sara Duterte ជាកូនស្រីរបស់អតីតប្រធានាធិបតី ដែលគេស្គាល់ថា ជាបុរសខ្លាំងហ្វីលីពីន គឺលោក Rodrigo Duterte។ លោកស្រីត្រូវបានមើលឃើញថា គឺជាបេក្ខជនដ៏រឹងមាំមួយរូប សម្រាប់ការបោះឆ្នោតប្រធានាធិបតីហ្វីលីពីន ឆ្នាំ២០២៨៕