(តូក្យូ)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជប៉ុន បានរាយការណ៍ថា បុរសម្នាក់ ដែលបានប៉ុនប៉ងធ្វើឃាត លោក Fumio Kishida ពេលលោកនៅកាន់តំណែងជា នាយករដ្ឋមន្រ្តីជប៉ុន កាលពីឆ្នាំ២០២៣ គឺនាថ្ងៃពុធនេះ ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ​រយៈពេល១០ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥។

លោក Kishida មិនបានរងគ្រោះថ្នាក់ឡើយ ក្នុងការវាយប្រហារនោះ ដែលប្រើប្រាស់គ្រាប់បែកកែច្នៃ និងកើតមានឡើង អំឡុង​ព្រឹត្តិការណ៍ឃោសនាបោះឆ្នោតជ្រើសរើស សមាជិកព្រឹទ្ធសភាជប៉ុន។ ជនបង្កឈ្មោះ Ryuji Kimura អាយុ២៥ឆ្នាំ ត្រូវបានឃាត់ខ្លួន នៅកន្លែងកើតហេតុផ្ទាល់។ យោងតាមប្រព័ន្ធផ្សព្វផ្សាយជប៉ុន រួមមាន Jiji Press និង NHK ជាដើម ជន Kimura ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ១០ឆ្នាំ នាថ្ងៃពុធនេះ ពីបទប៉ុនប៉ងធ្វើឃាត លោក Kishida។

គួរបញ្ជាក់ថា ឧប្បត្តិហេតុខាងលើ គឺកើតឡើងមិនដល់១ឆ្នាំនោះឡើយ បន្ទាប់ពីអតីតនាយករដ្ឋមន្រ្តីជប៉ុន លោក Shinzo Abe ត្រូវបានគេបាញ់សម្លាប់ អំឡុងព្រឹត្តិការណ៍ឃោសនាបោះឆ្នោត កាលពីខែកក្កដា ឆ្នាំ២០២២។ យ៉ាងណាមិញ មកទល់ពេលនេះ សវនាការជំនុំជម្រះក្តីលើជនសង្ស័យជាឃាតក សម្លាប់លោក Abe មិនទាន់ទាំងចាប់ផ្តើម នៅឡើយទេ៕