Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកស្លាប់កើនឡើងដល់៥៥នាក់ និងរបួសជាង១០០នាក់ បន្ទាប់ពីក្រុមសកម្មប្រយុទ្ធបើកការវាយប្រហារ​ សាលាបណ្តុះបណ្តាលប៉ូលីសមួយកន្លែង ប្រទេសប៉ាគីស្ថាន

25-10-2016 08:59

(ប៉ាគីស្ថាន)៖ អាជ្ញាធរប៉ាគីស្ថានបានឱ្យដឹងនៅថ្ងៃ អង្គារ៍នេះថា មានមនុស្សយ៉ាងហោចណាស់៥៥នាក់ ត្រូវបានសម្លាប់និងជាង១០០នាក់ផ្សេងទៀត​ បានរងរបួស នៅក្នុងការវាយប្រហាររបស់ជនសកម្មប្រយុទ្ធមួយក្រុម មកលើសាលាប៉ូលិសមួយកន្លែង ស្ថិតនៅភាគអាគ្នេយ៍ប្រទេសប៉ាគីស្ថាន។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មានបរទេសចេញផ្សាយនៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦នេះ។

ដោយឡែកជុំវិញការវាយប្រហារនេះដែរ យោធាប៉ាគីស្ថាន បានបញ្ជាក់ថា ក្រុមខ្មាន់កំាភ្លើងមានគ្នាប្រមាណជា ៥ទៅ៦នាក់ បានសម្រុកទំាងពាក់កណ្ដាលយប់ ចូលទៅក្នុងសាលាបណ្តុះបណ្តាលប៉ូលិស Balochistan Police College ដែលស្ថិតនៅចំងាយ២០ គីឡូម៉ែត្រ ពីភាគខាងកើតទីក្រុង Quetta នៃខេត្ត Balochistan និងបានបើកការបាញ់រះសម្លាប់មនុស្ស៥៥នាក់ និងជាង១១៨នាក់ បានរងរបួស ខណៈខ្មាន់កំាភ្លើង៤នាក់ក៏ត្រូវបានបាញ់សម្លាប់ផងដែរ ចំណែកឯមនុស្ស២០០នាក់ត្រូវបានជួយសង្រ្គោះ ហើយដែលនេះគឺជាការវាយប្រហារ ដ៏អាក្រក់មួយនៅប៉ាគីស្ថានក្នុងឆ្នាំ២០១៦នេះ។

សូមជំរាបថា បើតាមអាជ្ញាធរប៉ាគីស្ថាន សាលាប៉ូលិស Balochistan Police College មានសិស្សស្នាក់នៅ និងរៀនប្រមាណជា៧០០នាក់ ប៉ុន្តែដោយសារសិស្សមួយចំនួន បានបញ្ចប់ការសិក្សា ដូច្នេះគេពុំទាន់អាចបញ្ជាក់ពី ចំនួនសិស្សជាក់លាក់នៅឡើយទេ៕