(ប៉េកាំង)៖ រដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi បាននិយាយថា ចិននឹងនៅតែបន្តធ្វើជាដៃគូនិងមិត្តគួរឱ្យជឿទុកចិត្តជាប់ជានិច្ច របស់តំបន់អាមេរិកឡាទីន ខណៈទីក្រុងប៉េកាំង ព្យាយាមពង្រឹងឥទ្ធិពលរបស់ខ្លួន នៅក្នុងតំបន់មួយ ដែលពីដើមមក ស្ថិតនៅក្រោម​ដែនឥទ្ធិពលរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥។

ក្រសួងការបរទេសចិន បានឱ្យដឹងថា ថ្លែងអំឡុងជំនួបជាមួយសមភាគីបូលេវី នៅអង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារសប្តាហ៍នេះ លោក Wang បានលើកឡើងថា អាមេរិកឡាទីន គឺជាផ្ទះរបស់ប្រជាជនអាមេរិកឡាទីន ហើយមិនមែនជា សួនច្បារក្រោយផ្ទះរបស់​ប្រទេសណាមួយឡើយ។ ប្រទេសជាច្រើន ក្នុងតំបន់អាមេរិកឡាទីន មានទំនាក់ទំនងសេដ្ឋកិច្ចជិតស្និទ្ធជាមួយចិន តាមរយៈការខ្ចីថវិកានិងការវិនិយោគ។

គួរបញ្ជាក់ថា ចិននិងសហរដ្ឋអាមេរិក ត្រូវគេមើលឃើញថា នឹង​ប្រណាំងប្រជែងឥទ្ធិពលគ្នាខ្លាំង នៅតំបន់អាមេរិកកណ្តាល និង​អាមេរិកខាងត្បូង ក្នុងអាណត្តិទី២នេះ របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ ភ្លាមៗក្រោយស្បថចូលកាន់តំណែង លោក ត្រាំ បានរករឿងប៉ាណាម៉ា ជុំវិញទំនាក់ទំនងនៃប្រទេសអាមេរិកកណ្តាលមួយនេះជាមួយចិន ដោយគំរាមឱ្យបញ្ចប់ឥទ្ធិពល​របស់ចិន លើព្រែកជីកប៉ាណាម៉ា បើមិនចង់ប្រឈមមុខចំណាត់ការរបស់ទីក្រុងវ៉ាស៉ីនតោន។ ក្រោយរងសម្ពាធ ប្រធានាធិបតីប៉ាណាម៉ា ក៏បានប្រកាសថា ប្រទេសរបស់លោក សម្រេចដកខ្លួនចេញពីគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ របស់ប្រធានាធិបតីចិន លោក ស៉ី ជីនពីង៕