(គែរ)៖ មន្រ្តីសន្តិសុខពីររូបរបស់អេហ្ស៉ីប បានឱ្យដឹងថា លោកប្រធានាធិបតី Abdel Fattah al-Sisi អាចធ្វើដំណើរទៅកាន់ទីក្រុង Riyadh ប្រទេសអារ៉ាប៊ីសាអូឌីត នាថ្ងៃព្រហស្បតិ៍នេះ ជាទីដែលគេរំពឹងថា លោកនឹងពិភាក្សាអំពីផែនការរបស់អារ៉ាប់សម្រាប់តំបន់ហ្កាហ្សា ដែលអាចរួមបញ្ចូលថវិកា ២០ពាន់លានដុល្លារពីតំបន់ លើការងារកសាងឡើងវិញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ ២០២៥។
រដ្ឋអារ៉ាប់ ត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីផែនការក្រោយសង្រ្គាមហ្កាហ្សា ដើម្បីទប់ស្កាត់គំនិតរបស់លោក ដូណាល់ ត្រាំ ក្នុងការជម្លៀសប្រជាជនប៉ាឡេស្ទីន និងបំណងប្រែក្លាយតំបន់នោះ ឱ្យមកឋិតក្រោមការគ្រប់គ្រងរបស់សហរដ្ឋអាមេរិក។ អារ៉ាប៊ីសាអូឌីត អេហ្ស៉ីប ហ្ស៊កដានី អេមីរ៉ាតអារ៉ាប់រួម និងកាតា គ្រោងពិនិត្យផែនការរបស់អារ៉ាប់ នៅទីក្រុងរីយ៉ាដ មុនពេលយកទៅបង្ហាញដល់កិច្ចប្រជុំកំពូលអារ៉ាប់ ដែលគ្រោងប្រព្រឹត្តទៅនៅទីក្រុងគែរ នាថ្ងៃទី៤ ខែមីនា។
លោក Abdulkhaleq Abdullah អ្នកសិក្សាស្រាវជ្រាវនៅអេមីរ៉ាត់អារ៉ាប់រួម បាននិយាយថា វិភាគទានចំនួន ២០ពាន់លានដុល្លារពីរដ្ឋអារ៉ាប់ និងឈូងសមុទ្រ ក្នុងជាទម្រង់ជាមូលនិធិមួយ ទំនងជាតួលេខដែលអាចទាក់ទាញចិត្តលោក ត្រាំ ឱ្យទទួលយកផែនការ។ ចំនួនលុយនេះ នឹងផ្តល់អត្ថប្រយោជន៍ច្រើនដល់ក្រុមហ៊ុនអាមេរិក និងអ៉ីស្រាអែល។
គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារ គណៈរដ្ឋមន្ត្រីរបស់អាជ្ញាធរប៉ាឡេស្ទីន ក៏បានឱ្យដឹងដែរថា ដំណាក់កាលដំបូងនៃផែនការសម្រាប់តំបន់ហ្កាហ្សា ដែលកំពុងស្ថិតក្នុងការពិភាក្សាគ្នា នឹងត្រូវចំណាយអស់ប្រមាណ ២០ពាន់លានដុល្លារសម្រាប់រយៈពេល ៣ឆ្នាំ៕