(យូអិន)៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បាននិយាយថាចិនគាំទ្រដល់រាល់កិច្ចប្រឹងប្រែងអំណោផលទាំងអស់ ដើម្បីកិច្ចចរចាសន្តិភាពនៅអ៊ុយក្រែន ហើយសង្កត់ធ្ងន់ដែរថា តំបន់ Gaza និងតំបន់ West Bank មិនមែនជាសម្បទានសម្រាប់ការដោះដូរប្រយោជន៍នយោបាយណាមួយនោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការកត់សម្គាល់បែបនេះរបស់លោកប្រមុខការទូតចិន ធ្វើឡើងអំឡុងដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ និងបន្ទាប់ពីក្រុមមន្ត្រីអាមេរិក និងរុស្ស៉ី បានជួបគ្នាក្នុងប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃអង្គារ ជាមួយការឯកភាពគ្នាលើបន្តកិច្ចប្រឹងប្រែងបញ្ចប់សង្រ្គាមអ៊ុយក្រែន។ «ចិនគាំទ្រដល់រាល់កិច្ចប្រឹងប្រែងអំណោយផល ទាំងអស់ដើម្បីកិច្ចចរចាសន្តិភាព»។ នេះជាការគូសបញ្ជាក់របស់លោក វ៉ាង យី ដោយបន្ថែមថាទីក្រុងប៉េកាំងនឹងបន្តអនុវត្តតាមគោលការណ៍៤ចំណុចដាក់ចេញដោយប្រធានាធិបតីចិន លោក ស៊ី ជីនពីង ស្ដីពីអ្វីដែលគួរធ្វើ។

តាមទីភ្នាក់ងារសារព័ត៌មានចិន Xinhua គោលការណ៍ទំាង៤ចំណុចនោះ រួមមានការគោរពអធិបតេយ្យ និងបូរណភាពទឹកដីនៃបណ្ដាប្រទេសទាំងអស់ អនុវត្តតាមគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ យកចិត្តទុកដាក់ចំពោះការព្រួយបារម្ភផ្នែកសន្តិសុខនៃបណ្ដាប្រទេសទាំងអស់ ព្រមទាំងគាំទ្រដល់រាល់កិច្ចប្រឹងប្រែងអំណោយផល ដើម្បីដោះស្រាយជម្លោះដោយសន្តិវិធី។

គួរបញ្ជាក់ថា លោក វ៉ាង យី ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលមានសមាជិក១៥ប្រទេស ក្រោមប្រធានបទពហុភាគី ដោយសារតែចិនជាប្រធានសម្រាប់ ខែកុម្ភៈនេះ៕