(PALM BEACH, Florida)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអង្គារ ទី១៨ ខែកុម្ភៈថាលោកប្រហែលជាអាចនឹងជួបលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន នៅក្នុងខែកុម្ភៈនេះ ហើយបានច្រានចោលការព្រួយបារម្ភរបស់អ៊ុយក្រែនដែលត្រូវបានផាត់ចេញពីកិច្ចចរចារវាងសហរដ្ឋអាមេរិក និងរុស្ស៉ី ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ស្ដីពីការបិទ បញ្ចប់សង្រ្គាមអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅពេលត្រូវបានសាកសួរថារូបលោកនៅតែរំពឹងថាអាចនឹងជួបលោក ពូទីន នៅមុនដំណាច់ខែកុម្ភៈនេះដែរឬទេ? លោក ត្រាំ បានឆ្លើយនៅឯចុងបញ្ចប់នៃសន្នីសីទសារព័ត៌មានមួយ នៅឯភូមិគ្រឹះ Mar-a-Lago ក្នុងទីក្រុង Palm Beach ថាលោកប្រហែលជាអាចជួបលោក ពូទីន ក្នុងខែនេះ។
គួរបញ្ជាក់ថា ក្នុងការធ្វើបទបង្ហាញខ្លីទៅកាន់អ្នកសារព័ត៌មានអំពីកិច្ចចរចាអាមេរិក និងរុស្ស៉ីក្នុងទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ដែលមិនមានក្រុមមន្ត្រីអ៊ុយក្រែន និងអឺរ៉ុប ចូលរួម កាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានបញ្ជាក់ថាភាគីទាំង២ មិនទាន់ព្រមព្រៀងគ្នាលើការកំណត់កាលបរិច្ឆេទសម្រាប់កិច្ចប្រជុំកំពូលរវាងលោក ត្រាំ និងលោក ពូទីន ដើម្បីពិភាក្សាគ្នាពីសំណុំរឿងអ៊ុយក្រែននោះទេ៕