Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អឺរ៉ុប ស្វែងរកតួនាទីក្នុងកិច្ចចរចាអាមេរិក-រុស្ស៊ី ជុំវិញអ៊ុយក្រែន ខណៈខ្វែងគំនិតគ្នាលើបញ្ហាកងរក្សាសន្តិភាព (Video inside)

18-02-2025 19:37

(ប្រ៊ុចសែល)៖ ខណៈដែលសហរដ្ឋអាមេរិកនិងរុស្ស៊ី ឈានទៅរកកិច្ចចរចាជុំវិញសង្រ្គាម នៅអ៊ុយក្រែន អឺរ៉ុបកំពុងស្វែងរកវិធីរក្សាឥទ្ធិពលរបស់ខ្លួន និងធានាថាផលប្រយោជន៍របស់ខ្លួន ក៏ដូចជារបស់អ៊ុយក្រែន ត្រូវបានយកមកពិចារណា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

មេដឹកនាំអឺរ៉ុប ដែលបានជួបប្រជុំគ្នាជាបន្ទាន់ កាលពីថ្ងៃចន្ទ បានអំពាវនាវឱ្យមានការបង្កើនការចំណាយ ដើម្បីពង្រឹងសមត្ថភាពការពាររបស់ទ្វីប។ ទោះយ៉ាងណា ពួកគេ នៅតែមានការបែកបាក់គ្នា លើគំនិតនៃការដាក់ពង្រាយកងរក្សាសន្តិភាព ទៅកាន់អ៊ុយក្រែន។

មុនកិច្ចប្រជុំនេះ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer គឺជាមេដឹកនាំអឺរ៉ុបដំបូងគេដែលបានបង្ហាញពីឆន្ទៈ ក្នុងការបញ្ជូនកងទ័ពរក្សាសន្តិភាពទៅកាន់អ៊ុយក្រែន។ ប៉ុន្តែក្រោយមកលោកបានបញ្ជាក់ថា ការដាក់ពង្រាយកងទ័ពអឺរ៉ុប នឹងត្រូវមានកាធានាសន្តិសុខពីសំណាក់សហរដ្ឋអាមេរិក។

មេដឹកនាំអឺរ៉ុបក៏បានយល់ស្របថា វានឹងមានគ្រោះថ្នាក់ក្នុងការបញ្ចប់បទឈប់បាញ់ អ៊ុយក្រែន ដោយគ្មានកិច្ចព្រមព្រៀងសន្តិភាព ក្នុងពេលតែមួយ ហើយថា ពួកគេត្រៀមខ្លួនជាស្រេច ក្នុងការផ្តល់ការធានាសន្តិសុខដល់អ៊ុយក្រែន «អាស្រ័យលើកម្រិត នៃកាគាំទ្ររបស់អាមេរិក»

លោក Keith Kellogg ដែលជាបេសកជនរបស់លោក ត្រាំ ទទួលបន្ទុកកិច្ចការអ៊ុយក្រែន នឹងធ្វើទស្សនកិច្ចនៅប្រទេសនេះចាប់ពីថ្ងៃពុធ។ ជុំវិញសំណួរថា តើសហរដ្ឋអាមេរិក នឹងផ្តល់ការធានាសន្តិសុខ ដល់កងរក្សាសន្តិភាពអឺរ៉ុបណាមួយ ឬ យ៉ាងណា លោក Kellogg បានឆ្លើយដោយរំឭកពីគោលជំហររបស់ប្រធានាធិបតីថា «អ្នក (អឺរ៉ុប) មិនត្រូវដកជម្រើសណាមួយចេញពីតុឡើយ»

គួរបញ្ជាក់ថា ភាពមិនច្បាស់លាស់ ជុំវិញជំហររបស់រដ្ឋបាលអាមេរិក លោក ដូណាល់ ត្រាំ និងការដែលលោកបានផ្តួចផ្តើមទំនាក់ទំនងដោយផ្ទាល់ជាមួយលោក ពូទីន បានធ្វើឱ្យមានការព្រួយបារម្ភ ក្នុងចំណោមមេដឹកនាំអឺរ៉ុប៕