Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សេតវិមាន៖ លោក Elon Musk មានតួនាទីត្រឹមជាទីប្រឹក្សាប្រធានាធិបតី និងគ្មានសិទ្ធិសម្រេចអ្វីឡើយ

18-02-2025 16:33

(វ៉ាស៉ីនតោន)៖ ឯកសាររបស់សេតវិមានដាក់ជូនតុលាការ កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានឱ្យដឹងថា នៅក្នុងរដ្ឋបាលលោក ត្រាំ តួនាទីរបស់លោកមហាសេដ្ឋី Elon Musk គឺជាបុគ្គលិកសេតវិមាន និងជាទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីអាមេរិក ហើយមិនមែនជាបុគ្គលិកនៃនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) និងមិនមានសិទ្ធិធ្វើសេចក្តីសម្រេចណាមួយឡើយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ ២០២៥។

DOGE បានដឹកនាំការងារកែទម្រង់រដ្ឋាភិបាល និងកាត់បន្ថយមន្រ្តីសហព័ន្ធ ចាប់តាំងពីលោក ត្រាំ ឡើងកាន់តំណែង កាលពីខែមុន។ លោក ត្រាំ បានតែងតាំង លោក Elon Musk ដែលជានាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្ត Tesla ឱ្យទទួលបន្ទុកលុបបំបាត់ការចំណាយខ្ជះខ្ជាយ។

បើតាមឯកសារចុះហត្ថលេខាដោយ លោក Joshua Fisher ប្រធានការិយាល័យរដ្ឋបាលនៃសេតវិមាន លោក Elon Musk អាចត្រឹមតែផ្តល់យោបល់ដល់ប្រធានាធិបតី និងអនុវត្តការណែនាំរបស់ប្រធានាធិបតីតែប៉ុណ្ណោះ។ ខ្លឹមសារនៃឯកសារនោះ គូសបញ្ជាក់ថា «ដូចទីប្រឹក្សាជាន់ខ្ពស់ដទៃទៀតនៅសេតវិមានដែរ លោក Elon Musk គ្មានសិទ្ធិអំណាចពិតប្រាកដ ឬផ្លូវការ ដើម្បីធ្វើការសម្រេចចិត្តរបស់រដ្ឋាភិបាលឡើយ»

គួរបញ្ជាក់ថា ឯកសាររបស់លោក Fisher ទំនងជាចង់ការពារលោក Elon Musk ទាក់ទងនឹងករណីបង្កើតឡើងដោយរដ្ឋ New Mexico តាមរយៈការនិយាយថា លោកគ្មានសិទ្ធអំណាចធ្វើការសម្រេចចិត្ត៕