(តូក្យូ)៖ មន្រ្តីមួយរូបនៃក្រសួងយុត្តិធម៌ជប៉ុន បាននិយាយនៅថ្ងៃអង្គារ ទី១៨ ខែកុម្ភៈថា ជប៉ុនឹងអនុញ្ញាតឱ្យពលរដ្ឋមកពីតៃវ៉ាន់ ដាក់ឈ្មោះទីកំណើតរបស់ពួកគេ ថាមកពីតៃវ៉ាន់ជំនួសចិន នៅក្នុងការចុះសៀវភៅគ្រួសារ និងសៀវភៅស្នាក់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

នៅពេលពលរដ្ឋជប៉ុនរៀបការជាមួយជនបរទេស សញ្ជាតិ និងឈ្មោះប្តីប្រពន្ធ ត្រូវបានកត់ត្រាក្នុងប្រព័ន្ធចុះបញ្ជី របស់រដ្ឋបាលតំបន់ក្រោមច្បាប់ជប៉ុន។ បច្ចុប្បន្ន ប្រជាជនមកពីកោះតៃវ៉ាន់ ត្រូវបានកត់ត្រាថាមកពីប្រទេសចិន ក្រោមគោលនយោបាយចាប់ពីឆ្នាំ ១៩៧២ នៅពេលទីក្រុងតូក្យូ ងាកមកភ្ជាប់ទំនាក់ទំនងជាមួយទីក្រុងប៉េកាំង។

ប៉ុន្តែ​ មន្ត្រី​ក្រសួង​យុត្តិធម៌​ម្នាក់​បាន​ប្រាប់ AFP ថា «ចាប់ពី​ខែ​ឧសភា​តទៅ បន្ទាប់​ពី​ការ​កែប្រែ​ច្បាប់​របស់​ក្រសួង ឈ្មោះ​តៃវ៉ាន់ ​អាច​ត្រូវ​បាន​សរសេរ​ក្នុង​បញ្ជីជាតិតែម្តង»។ មន្រ្តីដដែលរូបនោះបន្ថែមថា សៀវភៅស្នាក់នៅរបស់ជប៉ុនសម្រាប់ជនបរទេស រយៈពេលមធ្យមទៅរយៈពេលវែង ក៏នឹងអនុញ្ញាតឱ្យជនជាតិតៃវ៉ាន់ ពណ៌នាថាពួកគេមកពីតៃវ៉ាន់ផងដែរ។

គួរបញ្ជាក់ថា ការផ្លាស់ប្តូរនេះ ធ្វើឡើងតាមសំណើរបស់គូស្វាមីភរិយាតៃវ៉ាន់ ដែលចង់បញ្ជាក់អត្តសញ្ញាណពួកគេ។ អ្នកនាំពាក្យក្រសួងការបរទេស លោក Hsiao Kuangwei បានប្រាប់អ្នកសារព័ត៌មានថា តៃវ៉ាន់ ស្វាគមន៍ចំពោះការសម្រេចចិត្តនេះ៕