(ប៉េកាំង)៖ បន្ទាប់ពីបានរើឈូសឆាយសំណង់អាណាធិបតេយ្យដែលជាកន្លែងធំដឹងក្តីរបស់លោក មហាសេដ្ឋីមួយរូប បានចំណាយលុយរបស់ខ្លួនជាង៤លានដុល្លារ ដើម្បីសង់ផ្ទះល្វែងដ៏ប្រណីតទៅអោយអ្នកភូមិដែលរស់នៅទីនោះ និងចេញថ្លៃបរិភោគអាហារជារៀងរាល់ថ្ងៃសម្រាប់ជនចាស់ជរា ដោយសារតែសប្បុរសជនម្នាក់នេះ បាននិយាយថាពួកគេធ្លាប់បានធ្វើល្អដាក់លោក កាលដែលលោកបានធំដឹងក្តីនៅក្នុងតំបន់ដ៏ក្រីក្រនេះ។ នេះបើតាមការចេញផ្សាយដោយគេហទំព័រ Mirror នៅមុននេះបន្តិច នាល្ងាចថ្ងៃចន្ទ ទី២៤ ខែតុលា ឆ្នាំ២០១៦។
លោក Xiong Shuihua បានធំដឹងក្តីឡើងនៅក្នុងសំណង់អាណាធិបតេយ្យមួយកន្លែង ដែលគ្មានអ្វីលើសពីខ្ទមឈើនិងផ្លូវដ៏កខ្វក់នោះឡើយ ប៉ុន្តែដោយសារតែបានខិតខំប្រឹងប្រែងនៅក្នុងឧស្សាហកម្មដែកថែប លោក Xiong បានក្លាយខ្លួនជាមហាសេដ្ឋីរយលានមួយរូបដែលនឹកស្មានមិនដល់ ហើយបច្ចុប្បន្ននេះ លោកបានផ្តល់ទីជម្រកដ៏សមរម្យទៅដល់ប្រជាជនចំនួន៧៦គ្រួសារ និងបានសាងសង់ផ្ទះវីឡាឲ្យប្រជាជនចំនួន១៨គ្រួសារផ្សេងទៀត ហើយថែមទាំងកំពុងតែផ្គត់ផ្គង់អាហារមួយថ្ងៃបីពេលសម្រាប់ចាស់ជរាទៀតផង ដោយលោកបាននិយាយថា ទង្វើទាំងនេះគឺជារឿងតិចតួចបំផុតដែលលោកអាចធ្វើបានដើម្បីពួកគេ។
លោក Xiong Shuihua បានលើកឡើងថា «ខ្ញុំរកចំណូលបានច្រើនលើសពីអ្វីដែលខ្ញុំអាចគិតឃើញថានឹងយកលុយទៅចំណាយលើ ហើយខ្ញុំមិនចង់បំភ្លេចប្រភពកំណើតរបស់ខ្ញុំឡើយ។ មួយវិញទៀត ខ្ញុំជាមនុស្សដែលតែងតែតបស្នងសងគុណគេវិញជានិច្ច ហើយខ្ញុំចង់ឲ្យប្រាកដថាអ្នកដែលធ្លាប់ជួយគ្រួសារខ្ញុំនិងរូបខ្ញុំកាលពីពេលដែលខ្ញុំនៅក្មេងវ័យ បានទទួលការតបស្នងយ៉ាងសក្តិសម»។
គួរបញ្ជាក់ដែរថា លោក Xiong Shuihua បានកើតនៅក្នុងភូមិ Xiongkeng ក្នុងទីក្រុង Xinyu នៃខេត្ត Jiangxi ភាគខាងត្បូងប្រទេសចិន ហើយគ្រួសាររបស់លោកតែងទទួលបានការគាំទ្រលើកទឹកចិត្ត និងការមើលថែទាំ ព្រមទាំងការជួយទុក្ខធុរៈពីសំណាក់ប្រជាជននៅក្នុងភូមិជានិច្ច៕