(Reuters)៖ ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ នៅថ្ងៃអង្គារ ទី១៨ ខែកុម្ភៈនេះថាតៃវ៉ាន់កំពុងពិចារណាទិញអាវុធមានតម្លៃរាប់ពាន់លានដុល្លារពីសហរដ្ឋអាមេរិក ដោយសង្ឃឹមថាអាចនឹងដូរយកបាន ការគាំទ្រពីរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ ខណៈចិននៅតែបន្តបង្កើនការដាក់សម្ពាធយោធាលើតៃវ៉ាន់។
ដោយផ្អែកលើប្រភពចំនួន៣ដែលបានដឹងពីគម្រោងទិញអាវុធខាងលើ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ Reuters បានដឹងទៀតថាតៃវ៉ាន់កំពុងស្ថិតក្នុងការចរចាជាមួយសហរដ្ឋអាមេរិក ហើយការទិញអាវុធពីអាមេរិក គឺមានចេតនាបង្ហាញឱ្យលោក ត្រាំ បានឃើញថាតៃវ៉ាន់មានការប្ដេជ្ញាចិត្តចំពោះការពង្រឹងសមត្ថភាពយោធារបស់ខ្លួន។ តាមប្រភពដដែល កញ្ចប់អាវុធដែលតៃវ៉ាន់គ្រោងនឹងទិញពីវ៉ាស៊ីនតោន ក្នុងនោះរួមមានប្រព័ន្ធ មីស៊ីលការពារតំបន់ឆ្នេរ និងប្រព័ន្ធមីស៊ីល HIMARS ដែលអាចមានទំហំទឹកប្រាក់ចន្លោះពី ៧ ដល់ ១០ពាន់លានដុល្លារ។
ភ្លាមៗ ខាងសេតវិមានមិនបានធ្វើអត្ថាធិប្បាយអ្វីទេ។ ក៏ប៉ុន្តែ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Mike Waltz ធ្លាប់បាននិយាយថារូបលោកចង់ឱ្យមានការបង្កើនល្បឿនប្រគល់អាវុធឱ្យតៃវ៉ាន់។ ចំណែក ខាង ក្រសួងការពារជាតិតៃវ៉ាន់វិញ ក៏បានបដិសេធធ្វើការអត្ថាធិប្បាយផងដែរ តែនិយាយថាតៃវ៉ាន់កំពុងផ្តោតលើការពង្រឹងសមត្ថភាពការពារខ្លួនឯង៕