(សេអ៊ូល)៖ នៅក្នុងអង្គប្រជុំសភានៅថ្ងៃចន្ទនេះ ប្រធានាធិបតីនៃប្រទេសកូរ៉េខាងត្បូងលោកស្រី ផាក គឺនហេ បានលើកឡើងអំពីភាពចាំបាច់ជាបន្ទាន់ ក្នុងការបង្កើនថវិកាការពារជាតិបន្ថែមទៀតដើម្បីធ្វើជាការឆ្លើយតប ទៅនឹងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរដ៏ឆាប់រហ័សរបស់ប្រទេសកូរ៉េខាងជើង ហើយលោកស្រីក៏ស្នើឲ្យមាន ការបន្ថែមអាណត្តិប្រធានាធិបតីផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅមុននេះបន្តិចនាល្ងាចថ្ងៃចន្ទ ទី២៤ ខែតុលា ឆ្នាំ២០១៦។
នៅក្នុងការថ្លែងសុន្ទរកថាស្តីពីថវិកាជាតិឆ្នាំ២០១៧ ស្រី ផាក គឺនហេ បានព្រមានថាទីក្រុងព្យុងយ៉ាងនឹងឈាន ដល់ដំណាក់កាលនៃការអភិវឌ្ឍនុយក្លេអ៊ែរ ដែលខ្លាំងក្លាជាងមុនឆ្ងាយណាស់ដូច្នេះហើយដើម្បីទប់ទល់ នឹងការគំរាមកំហែងនៃអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងពីសំណាក់ប្រទេសកូរ៉េខាងជើង រដ្ឋាភិបាល កូរ៉េខាងត្បូងនឹងបង្កើនកិច្ចខិតខំប្រឹងប្រែងយ៉ាងពេញទំហឹង ដើម្បីធានាឲ្យបាននូវប្រព័ន្ធការពារជាតិស្នូលមួយ ចំនួនរួមមានប្រព័ន្ធ «Kill Chain», ប្រព័ន្ធ KAMD, និង ប្រព័ន្ធ KMPR។
ជាមួយគ្នានេះដែរ លោកស្រី ផាក ក៏បានលើកឡើងអំពីរយៈពេលនៃអាណត្តិប្រធានាធិបតីរបស់ ប្រទេសកូរ៉េខាងត្បូងផងដែរ ដោយលោកស្រីបានស្នើឲ្យមានការកែតម្រូវរដ្ឋធម្មនុញ្ញពីព្រោះថាអាណត្តិ ប្រធានាធិបតីដែលមានរយៈពេលត្រឹមប្រាំឆ្នាំ និងអាចកាន់តំណែងបានតែមួយអណត្តិគត់ទៀតនោះ បានធ្វើឲ្យនយោបាយនៅក្នុងប្រទេស មានភាពប្រឈមមុខដាក់គ្នាជាខ្លាំង ហើយរដ្ឋាភិបាលថែមទាំងមិនអាច បន្តសម្រចបាននូវគោលដៅនយោបាយដែលប្រកបដោយនិរន្តភាព និងស្ថិរភាពបាននោះឡើយ។
លោកស្រី ផាក គីនហេ បានបញ្ជាក់ដូច្នេះថា «អាណត្តិប្រធានាធិបតីដែលមានរយៈពេលប្រាំឆ្នាំ និងអនុញ្ញាតឲ្យកាន់តំណែងបានតែម្តងបែបនេះ គឺវាបានចែងដោយច្បាប់រដ្ឋធម្មនុញ្ញដែលត្រូវបានធ្វើ វិសោធនកម្មកាលពីបីទសវត្សរ៍មុនមកម្ល៉េះនេះ ហើយវាប្រហែលជាសក្តិសមសម្រាប់អនុវត្តន៍នៅក្នុង លទ្ធិប្រជាធិបតេយកាលពីសម័យអតីតកាល ប៉ុន្តែបច្ចុប្បន្នវាបានក្លាយជាសម្លៀកបំពាក់មួយមិនសមល្មម នឹងខ្លួនប្រាណយើងទៀតនោះឡើយ»។
ប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះ ក៏បានគូសបញ្ជាក់ជាចុងក្រោយដែរថា ការផ្លាស់ប្តូររដ្ឋាភិបាលនៅក្នុង ប្រទេសកូរ៉េខាងត្បូងរៀងរាល់រយៈពេលប្រាំឆ្នាំម្តងបែបនេះ បានបង្កជាភាពលំបាកក្នុងការដាក់សម្ពាធ ទៅលើកូរ៉េខាងជើង ដើម្បីឲ្យប្រទេសកុម្មុយនិស្តមួយនេះ បោះបង់ចោលមហិច្ឆតានុយក្លេអ៊ែររបស់ខ្លួន៕