លោក Zelenskiy ទៅជួបប្រធានាធិបតី UAE ដើម្បីពិភាក្សាពីការដោះលែងអ្នកទោសអ៊ុយក្រែន ពីការឃុំឃាំងរបស់រុស្ស៊ី (Video inside)
17-02-2025 19:17
(ឌូបៃ)៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy នៅថ្ងៃចន្ទនេះ បានធ្វើទស្សនកិច្ចនៅទីក្រុងឌូបៃ ដើម្បីជួបពិភាក្សាការងារជាមួយប្រធានាធិបតីអេមីរ៉ាតអារ៉ាប់រួម (UAE) គឺព្រះអង្គម្ចាស់ Sheikh Mohammed bin Zayed Al Nahyan។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ជំនួបនេះបានផ្តោតសំខាន់លើការពិភាក្សា អំពីការនាំយកជនជាតិអ៊ុយក្រែនត្រឡប់ពីការឃុំឃាំងរបស់រុស្ស៊ីវិញ។ លោក Zelenskiy បានបញ្ជាក់មុននេះថា អាទិភាពកំពូលសម្រាប់ដំណើរទស្សនកិច្ចរបស់លោក គឺដើម្បីធានាថា «ប្រជាជនរបស់យើងកាន់តែច្រើន អាចត្រឡប់មកផ្ទះវិញ ពីការជាប់ឃុំឃាំងរុស្ស៊ី»។
ដោយឡែកក្នុងជំនួបនោះផងដែរ Sheikh Mohammed បានអះអាងសាជាថ្មី ពីការប្តេជ្ញាចិត្តរបស់ UAE ក្នុងការគាំទ្រដំណោះស្រាយដោយសន្តិវិធី ចំពោះជម្លោះអ៊ុយក្រែន និងគំនិតផ្តួចផ្តើមដើម្បីបន្ធូរបន្ថយផលប៉ះពាល់មនុស្សធម៌របស់ខ្លួន។
គួរបញ្ជាក់ថា អេមីរ៉ាតអារ៉ាប់រួម (UAE) បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការសម្របសម្រួលឱ្យមានការវិលត្រឡប់របស់ជនជាតិអ៊ុយក្រែន ដែលត្រូវបាននិរទេសទៅប្រទេសរុស្ស៊ី ក្នុងអំឡុងសង្គ្រាមជិតបីឆ្នាំកន្លងមកនេះ ជាពិសេសគឺកុមារ៕