(បាងកក)៖ ខណៈដែលប្រទេសថៃ កំពុងកាន់មរណទុក្ខចំពោះការបាត់បង់ព្រះមហាក្សត្រព្រះអង្គម្ចាស់ ភូមិប៊ុល អាឌុលយ៉ាដេត ដែលបានសោយរាជសម្បត្តិ អស់រយៈពេល៧០ឆ្នាំនោះ អ្នកទេសចរទៅកាន់ប្រទេសនេះ អាចនឹងមានមានចម្ងល់ពាក់ព័ន្ធនឹងស្ថានភាពក្នុងប្រទេសថៃ ហើយចង់ដឹងថា តើខ្លួនត្រូវបង្ហាញមរណទុក្ខចំពោះការបាត់បង់ទ្រង់ដោយរបៀបណា នៅពេលដែលពួកគេធ្វើដំណើរទៅកាន់ទីនោះ។
បើទោះបីជាប្រជាជាតិថៃ កំពុងកាន់មរណទុក្ខរយៈពេល ៣០ថ្ងៃ រដ្ឋាភិបាលនៅតែលើកទឹកចិត្តសាធារណជន ក្នុងការដំណើរការជីវភាពរស់នៅដូចធម្មតា ដែលនេះមានន័យថា ដំណើរការនៃអាជីវកម្មនានា នឹងមិនរងផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ។
ចំពោះរាល់សណ្ឋាគារ ការហោះហើរ ការដឹកជញ្ជូនសាធារណៈ ធនាគារ មន្ទីរពេទ្យ និងសេវាកម្មសាធារណៈផ្សេងៗ នឹងត្រូវបានដំណើរការដូចធម្មតា។ យ៉ាងនេះក្តី ព្រឹត្តិការណ៍សំខាន់ៗមួយចំនួនត្រូវបានលុបចោល ក្នុងឱកាសនៃការកាន់មរណទុក្ខរយៈពេល ៣០ថ្ងៃនេះ។ ចំពោះកម្មវិធីកំសាន្តតាមកញ្ចក់ទូរទស្សន៍ នឹងត្រូវបានផ្អាកជាបណ្តោះអាសន្ន ព្រមទាំងត្រូវបានជំនួសវិញដោយឯកសារស្តីពីជីវប្រវត្តិរបស់ព្រះរាជា ដែលត្រូវបានចាក់ផ្សាយដោយគ្មានពេលកំណត់។
* ការកំសាន្តនៅពេលរាត្រី ត្រូវបានកាត់បន្ថយ
ព្រឹត្តិការណ៍មួយចំនួនដូចជា ពិធីជប់លាងរាត្រីចន្ទពេញវង់ ពិធីជប់លាងនាពេលរាត្រីប្រចាំខែនៅកោះ Kon Pha Ngan ដែលទាំងនេះសុទ្ធតែជាព្រឹត្តិការណ៍ ទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើនសន្ធឹកសន្ធាប់ នឹងត្រូវបានលុបចោល។ មិនតែប៉ុណ្ណោះព្រឹត្តិការណ៍ផ្សេងៗដែលនឹងចូលមកដល់ក្នុងពេលឆាប់ៗខាងមុខដូចជា ការប្រគំតន្រ្តី Morrissey និងខួបលើកទី៥០ នៃទិវាទេសចរណ៍ពិភពលោក ក៏ត្រូវបានលុបចោលផងដែរ។
ចំណែកការកំសាន្តនៅតាមមហាវិថីនានា ក៏ត្រូវបានស្នើឲ្យបង្ហាញការគោរពចំពោះទ្រង់ ព្រមទាំងមិនត្រូវបានអនុញ្ញាតឱ្យប្រគំតន្រី្តឮនោះដែរ។ រដ្ឋាភិបាលបានស្នើធ្វើកិច្ចសហប្រតិបត្តិការជាមួយបណ្តាកន្លែងកំសាន្តតាមដងផ្លូវដូចជា បា ឬក្លឹបរាត្រី ដើម្បីសម្រេចចិត្តថា តើគួរបើកដំណើរការឬទេ ក្នុងអំឡុងពេលនេះកាលនេះ។ តែការសម្រេចចិត្តវាអាស្រ័យទៅលើម្ចាស់កន្លែងនីមួយៗ។
ម្ចាស់ភោជនីយដ្ឋាន និងបាតូចៗក្នុងទីក្រុងបាងកក បានថ្លែងប្រាប់សារព័ត៌មាន CNN ថា ពួកគេនឹងបន្តបើកដំណើរការ និងលក់ជាអាល់កុល ដោយគ្រាន់តែលុបចោលរាល់ព្រឹត្តិការណ៍សំខាន់ៗក្នុងពេលខាងមុខ។ កន្លែងកំសាន្តមានមួយចំនួន មានអតិថិជនជាប៉ូលីសថៃ ត្រូវបានស្នើឲ្យបិទទ្វា មុនពេលពាក់កណ្តាលអាធ្រាត ហើយចាក់ភ្លេងឮតិចៗប៉ុណ្ណោះ។ ចំពោះហាងនានាដែលត្រូវបានហាមឃាត់មិនឲ្យលក់ជាតិអាល់កុល កាលពីចុងសប្តាហ៍កន្លងទៅនេះ ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមលក់សាជាថ្មី កាលថ្ងៃទី១៨ ខែតុលាកន្លងទៅនេះ។
* ការស្លៀកពាក់៖
ក្នុងអំឡុងនៃដំណាក់កាលកាន់មរណទុក្ខ ប្រជាពលរដ្ឋថៃនឹងត្រូវស្លៀកពាក់ពណ៌ខ្មៅ ស ឬពណ៌ក្រម៉ៅ (ចំពោះបុគ្គលិក និងគ្រួសារស្តេច នឹងត្រូវស្លៀកពាក់ខ្មៅពេញមួយឆ្នាំ)។ យ៉ាងនេះក្តីសម្រាប់អ្នកធ្វើដំណើរ ឬជនបរទេស មិនតម្រូវឱ្យស្លៀកពាក់ខ្មៅនោះទេ គឺគ្រាន់តែបង្ហាញការគោរព គឺគ្រាប់គ្រាន់។ ប៉ុន្តែរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដាក់សំណើថា បើសិនជាអាច អ្នកទេចរណ៍មិនគួរតែស្លៀកពាក់ឆើតឆាយ និងបង្ហាញការគោរព នៅពេលដើរលេងនៅតាមទីសាធារណៈ។
* បណ្តាប្រាសាទ និងទីផ្សារនានានៅតែបន្តបើកទ្វារដូចធម្មតា
បើទោះបីជាកន្លែងដែលទាក់ទាញភ្ញៀវទេចរណ៍ជាច្រើន ត្រូវបានបិទទ្វារកាលពីចុងសប្តាហ៍កន្លងទៅនេះ ដើម្បីបង្ហាញការគោរពចំពោះព្រះរាជា ប៉ុន្តែកន្លែងទេសចរណ៍ផ្សេងទៀតភាគច្រើនត្រូវបានបើកទ្វារឡើងវិញ តាំងពីថ្ងៃទី១៧ ខែតុលាកន្លងទៅនេះ លើកលែងតែកន្លែងប្រដាល់ល្បីពីរកន្លែងនៅប្រទេសថៃ ដែលនៅតែបន្តបិទទ្វារ។
* គ្មានការរឹតបន្តឹងចំពោះសម្លៀកបំពាក់នៅតាមមាត់សមុទ្រ
ចំពោះរមណីយដ្ឋាននៅតាមឆ្នេរ ដែលជាគោលដៅទេសចរណ៍ក្នុងប្រទេសថៃ នៅតែបន្តបើកទ្វារដូចធម្មតា។ បុគ្គលិកសណ្ឋាគារម្នាក់ បានប្រាប់ភ្នាក់ងារសារព័ត៌មានថា អ្នកទេសចរណ៍ត្រូវបានអនុញ្ញាតឱ្យកំសាន្តនៅតាមឆ្នេរ ជាមួយនឹងសម្លៀកបំពាក់ងូតទឹកដូចធម្មតា ប៉ុន្តែមិនអនុញ្ញាតឲ្យមានពិធីជប់លៀងនៅតាមឆ្នេរឡើយ។
* អ្វីដែលត្រូវនិយាយ និងអ្វីដែលមិនត្រូវនិយាយ៖
ប្រទេសថៃ បានធ្វើការរឹតបន្តឹងយ៉ាងដាច់ខាតចំពោះការប្រមាថស្តេច ព្រោះវាអាចឱ្យអ្នកជួបបញ្ហាធ្ងន់ធ្ងរ។ ច្បាប់ដែលត្រូវបានដាក់ជាធរមាន ក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩០៨នេះ បានបញ្ជាក់ថា «បុគ្គលណាដែលប្រមាថ ជេរ ឬគំរាមកំហែងស្តេច ក្សត្រីយានី និងញាតិវង្ស នឹងត្រូវដាក់ទោសក្នុងពន្ធធនាគាររហូតដល់ ១៥ឆ្នាំ»។ យ៉ាងនេះក្តី អ្នកដំណើរអាចមានសេរីភាពក្នុងចូលរួមមរណទុក្ខ ដោយគ្រាន់តែនិយាយ ឬបង្ហាញភាពសោកស្តាយ ចំពោះការបាត់បង់ទ្រង់ បង្ហាញពីការគោរព និងអាណិតអាសូរជាការស្រេច៕