(ប៉េកាំង)៖ "កាណាដាមានអារម្មណ៍ថា ខ្លួនត្រូវគេក្បួត រំលោភបំពាននិងរងការវាយប្រហារដោយគ្មានហេតុផល ទាល់តែសោះពីសហរដ្ឋអាមេរិកដែលជាបងធំរបស់ខ្លួន"។ បន្ទាប់ពីសហរដ្ឋអាមេរិក បានប្រកាសដំឡើងពន្ធគយ ចំពោះប្រទេសកាណាដានាពេលថ្មីៗកន្លងទៅនេះ លោក Derek Holt សេដ្ឋវិទូនៃធនគារ Scotia កាណាដា បានបញ្ចេញឧទាន ដូចពោលខាងលើនេះ ក្នុងរបាយការណ៍មួយ ។ យ៉ាងណាមិញ ទីបំផុត តើអ្នកនយោបាយកាណាដា បានឆ្លើយតបនឹង "ការក្បត់ រំលោភបំពាននិងវាយប្រហារ" យ៉ាងដូចម្តេច ? ពេលថ្មីៗនេះ អភិបាលនៃខេត្តនិងតំបន់ចំនួន ១៣ របស់ប្រទេសកាណាដាបាននាំគ្នាទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក ដើម្បីនិយាយបញ្ចុះបញ្ចូលសមាជិកសភា សមាគមពាណិជ្ជកម្ម និងមគ្គុទ្ទេសក៍ពលកររបស់សហរដ្ឋអាមេរិក ក្នុងគោលបំណងព្យាយាមអស់ពីលទ្ធភាព ដើម្បីសុំអង្វរសហរដ្ឋអាមេរិកឱ្យលើកលែង ការដំឡើងពន្ធគយចំពោះប្រទេសខ្លួន។

អ្វីដែលកាន់តែហួសហេតុខុសទំនងនោះគឺ ដើម្បីនិយាយបញ្ចុះបញ្ចូលភាគីអាមេរិក អ្នកនយោបាយកាណាដាបែរ ជាបានលេង "សន្លឹកបៀចិន" ដោយពិពណ៌នាចិនថាជា"សត្រូវសេដ្ឋកិច្ចរួម"។ បន្ទាប់ពីលោកត្រាំបានជាប់ឆ្នោតជា ប្រធានាធិបតីសហរដ្ឋអាមេរិកម្តងទៀត លោកបានព្រលយសម្តីជាច្រើនលើកហើយថា នឹង "លេបយក" ប្រទេសកាណាដា ដែលធ្វើឱ្យវាក្លាយជារដ្ឋទី ៥១ របស់សហរដ្ឋអាមេរិក ។ កាលពីដើមខែនេះ សហរដ្ឋអាមេរិកបានគំរាមកំហែងថា នឹងយកពន្ធគយបន្ថែម ២៥ ភាគរយចំពោះផលិតផលកាណាដា ដែលនាំចេញទៅសហរដ្ឋអាមេរិក ក្រោមលេសបញ្ហាថ្នាំហ្វេនតានីល និងជនអន្តោប្រវេសន៍ខុសច្បាប់ ។ ដោយឡែកនៅពេលថ្មីៗនេះ សហរដ្ឋអាមេរិកក៏បានប្រកាសដំឡើងពន្ធគយ ២៥ ភាគរយលើផលិតផលដែកថែប និងអាលុយមីញ៉ូមទាំងអស់ ដែលនាំចូលទៅសហរដ្ឋអាមេរិកផងដែរ ហើយប្រទេសដែលរងផលប៉ះពាល់មុនគេ គឺ កាណាដា។

ទោះបីជាអ្នកនយោបាយ ដូចជាលោក Justin Trudeau នាយករដ្ឋមន្ត្រីកាណាដាជាដើមនិយាយបានតែមាត់ថា "មិនបន្ធូរបន្ថយគោលជំហររបស់ខ្លួនជាដាច់ខាត" ដោយបានអះអាងថា នឹងចាត់វិធានការពន្ធគយតបតវិញ ចំពោះសហរដ្ឋអាមេរិកក៏ដោយ ក៏ប៉ុន្តែតាមពិតទៅ កាណាដាបាននិងកំពុងពឹងផ្អែកយ៉ាងខ្លាំងលើ សហរដ្ឋអាមេរិក ក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម។

មួយផ្នែក ប្រទេសកាណាដាត្រូវអាម៉ាស់មុខជាញឹកញាប់ ដោយសហរដ្ឋអាមេរិកនិងសម្តែងការព្រួយបារម្ភ ចំពោះការខាតបង់ផលប្រយោជន៍របស់ខ្លួន មួយផ្នែកទៀត ពួកគេក៏គ្មានសមត្ថភាព ក្នុងការធ្វើការប្រកួតប្រជែង ជាមួយសហរដ្ឋអាមេរិកដែរ ហេតុនេះហើយ អ្នកនយោបាយកាណាដាទាំងឡាយ មានគំនិតអាក្រក់ថា ប្រឆាំងចិនយ៉ាងក្ដែងៗ និងលាបពណ៌ប្រទេសចិន ដើម្បីផ្គាប់ចិត្តរដ្ឋាភិបាលអាមេរិក ក្នុងគោលបំណងសុំអង្វរសហរដ្ឋអាមេរិកឱ្យលើកលែង ការដំឡើងពន្ធគយចំពោះប្រទេសខ្លួន។ កាណាដាបានដាក់ចេញនូវវិធានការពាក់ព័ន្ធ ដែលសំដៅចំពោះចិនជាបន្តបន្ទាប់ ក្នុងវិស័យនយោបាយ សន្តិសុខ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យានិងសេដ្ឋកិច្ចជាដើម ក្នុងនោះមានខ្លះ គឺត្រូវញុះញង់ដោយ អ្នកបញ្ជាពីក្រោយ ខ្លះទៀតគឺ "បន្ថែមឆាកល្ខោនដោយខ្លួនឯង"។

តាមពិតទៅ ប្រទេសចិននិងកាណាដាមិនមានជម្លោះផ្នែកផលប្រយោជន៍ពីឬសគល់នោះទេ ទំនាក់ទំនងរវាងប្រទេសទាំងពីរ ធ្លាប់បានស្ថិតនៅជួរមុខនៃទំនាក់ទំនងរវាងចិន និងប្រទេសប៉ែកខាងលិចក្នុងរយៈពេលយូរ។ ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្ម ប្រភពនាំចូលនិងជាទីផ្សារនាំចេញធំទីពីរ របស់ប្រទេសកាណាដា។ ក្នុងរយៈពេលជាង ៩ ឆ្នាំដែលលោក Justin Trudeau បានឡើងកាន់មុខតំណែងជានាយករដ្ឋមន្ត្រីកាណាដា កាលពីដំបូង ទំនាក់ទំនងរវាងចិននិងកាណាដា បានទទួលការអភិវឌ្ឍ ដ៏ល្អប្រសើរ ប៉ុន្តែស្របពេលដែលសហរដ្ឋអាមេរិក បានចាត់ទុកប្រទេសចិនជា"គូប្រជែងយុទ្ធសាស្ត្រដ៏ធំបំផុត" ហើយទប់ស្កាត់និងគាបសង្កត់ដោយគ្រប់ជ្រុងជ្រោយ ចំពោះការអភិវឌ្ឍរបស់ប្រទេសចិន ទង្វើនិងឥរិយាបថរបស់កាណាដា បានចាប់ផ្តើមមានការផ្លាស់ប្តូរដោយសុខចិត្ត ធ្វើជាអ្នកដើរនាំមុខនិងជាទ័ពស្រួចរបស់អាមេរិក ក្នុងជួរប្រឆាំងប្រទេសចិន ។ នេះបានបណ្តាលឱ្យកិច្ចសហប្រតិបត្តិការរវាងចិននិងកាណាដា បានបន្តជួប "ចរន្តត្រជាក់" ហើយក៏បានធ្វើឱ្យកាណាដា បង់តម្លៃដោយសារទង្វើខុសឆ្គងរបស់ខ្លួនផងដែរ។

សំដៅចំពោះទង្វើខុសឆ្គងរបស់រដ្ឋាភិបាលប្រទេសខ្លួន ប្រជាជននិងសហគ្រាសជាច្រើនរបស់ប្រទេសកាណាដា សុទ្ធតែបានសម្តែងការប្រឆាំង ។ នៅពេលមុននេះមិនជាយូរប៉ុន្មាន «របាយការណ៍ស៊ើបអង្កេតអំពីពាណិជ្ជកម្មរវាងកាណាដា និងចិន» ដែលចេញផ្សាយដោយក្រុមប្រឹក្សាពាណិជ្ជកម្មកាណាដា-ចិនបានលើកឡើងថា សហគ្រាសកាណាដាភាគច្រើន សម្គាល់ឃើញថា ប្រទេសចិនគឺជាទីផ្សារជម្រើសចម្បងមួយ របស់ពួកគេក្នុងចំណោមទីផ្សារជម្រើសចម្បងចំនួន ៥ ក្នុងក្របខ័ណ្ឌទូទាំងពិភពលោក ហើយការធានាជាក់លាក់ដល់ ឱកាសទីផ្សាររបស់ចិន វាមានសារសំខាន់ជាយុទ្ធសាស្ត្រ ចំពោះកាណាដា។

សូមបញ្ជាក់ថា ឆ្នាំនេះគឺជាខួបទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងកាណាដា ហើយក៏ជាខួបទី ២០ នៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តផងដែរ ។ បច្ចុប្បន្ននេះ ប្រទេសកាណាដាកំពុងប្រឈមមុខនឹង ចំណុចរបត់នៃការផ្លាស់ប្តូររបស់ស្ថានការណ៍នយោបាយប្រទេសខ្លួន ។ បើនិយាយចំពោះថ្នាក់ដឹកនាំនាពេលអនាគតនៃប្រទេសនេះ តើពួកគេអាចប្រកាន់ខ្ជាប់ នូវភាពម្ចាស់ការខាងយុទ្ធសាស្ត្រ បដិសេធមិនព្រមធ្វើជា "ទ័ពស្រួច" របស់អាមេរិកទាំងងងឹតងងុល និងវិលត្រឡប់ទៅរកការយល់ដឹងប្រកបដោយវិចារណញ្ញាណ ចំពោះប្រទេសចិនឡើងវិញឬអត់ នេះគ្មានអ្វីគួរឱ្យសង្ស័យឡើយ គឺជាការសាកល្បងគន្លឹះមួយ។ ការលេង "សន្លឹកបៀចិន" មិនអាចធ្វើជា "ខែលការពារ" របស់ប្រទេសកាណាដាបានទេ៕

វិទ្យុមិត្តភាពកម្ពុជាចិន