(ប៉េកាំង)៖ នាថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ប្រធានាធិបតី លោក ស៉ី ជីនពីង បានបើកកិច្ចប្រជុំដ៏កម្រជាមួយក្រុមហ៊ុនធំៗ នៅក្នុងវិស័យបច្ចេកវិទ្យារបស់ចិន រួមទាំង Alibaba របស់លោក Jack Ma ដែលអាចចាត់ទុកថាជាកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញទឹកចិត្តដល់វិស័យឯកជន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការរៀបចំកិច្ចប្រជុំបែបនេះ ហាក់បង្ហាញពីការផ្លាស់ប្តូរវិធីសាស្រ្តរបស់ទីក្រុងប៉េកាំង ចំពោះក្រុមហ៊ុនបច្ចេកវិទ្យាយក្ស ក៏ដូចជាការព្រួយបារម្ភថ្មីៗថែមទៀតអំពីកំណើនសេដ្ឋកិច្ចយឺតយាវ និងការប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ក្នុងការរារាំងការអភិវឌ្ឍវិស័យបច្ចេកវិទ្យារបស់ចិន។
ថ្នាក់ដឹកនាំក្រុមហ៊ុនដែលបានចូលរួម មានដូចជា ស្ថាបនិកក្រុមហ៊ុន Huawei លោក Ren Zhengfei នាយកប្រតិបត្តិ Xiaomi លោក Lei Jun នាយកប្រតិបត្តិ BYD លោក Wang Chuanfu ស្ថាបនិក Unitree លោក Wang Xingxing និងស្ថាបនិក CATL លោក Robin Zeng។
តាមប្រភពព័ត៌មានដែលដឹងពីកិច្ចប្រជុំ លោក Liang Wenfeng ស្ថាបនិក DeepSeek ដែលជាក្រុមហ៊ុនផលិតកម្មវិធី AI របស់ចិនទើបនឹងវាយលុកទីផ្សារ ក៏បានជួបចូលរួមប្រជុំផងដែរ។ ក្រៅពីនេះ មានក្រុមហ៊ុនក្នុងវិស័យ Semiconductor គឺនាយកប្រតិបត្តិ Meituan នៅហុងកុង លោក Wang Xing ស្ថាបនិក China Feihe នៅហុងកុង លោក Leng Youbin និងស្ថាបនិក Will Semiconductor នៅសៀងហៃ លោក Yu Renrong។
គួរបញ្ជាក់ថា បន្ទាប់ពីស្តាប់តំណាងក្រុមហ៊ុននានា លោក ស៉ី បានថ្លែងសុន្ទរកមួយចំនួន ប៉ុន្តែខ្លឹមសារនៃសុន្ទរកថានោះ មិនត្រូវបានបញ្ចេញនោះទេ៕