(រីយ៉ាដ)៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio បានទៅដល់ប្រទេសអារ៉ាប៊ីសាអូឌីតហើយ នាថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ នៅមុនកិច្ចពិភាក្សាដែលបានគ្រោងទុកជាមួយក្រុមមន្រ្តីរុស្ស៉ី ក្នុងបំណងបិទបញ្ចប់សង្រ្គាមជិត ៣ឆ្នាំរវាងរុស្ស៉ី និងអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Rubio ដែលបានជជែកតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីការបរទេសរុស្ស៉ីលោក Sergei Lavrov កាលលពីថ្ងៃសៅរ៍ នឹងជួបក្រុមមន្ត្រីរុស្ស៉ីនៅប្រទេសអារ៉ាប៊ីសាអូឌីត រួមជាមួយទីប្រឹក្សាសន្តិសុខជាតិ លោក Mike Waltz និងបេសកជនអាមេរិកប្រចាំមជ្ឈិមបូព៌ា លោក Steve Witkoff។ ដោយឡែក ភាគីរុស្ស៉ីគេមិនទាន់ដឹងសមាសភាពនៅឡើយ។
បើតាមកាសែតរុស្ស៉ី Kommersant កិច្ចចរចានឹងធ្វើឡើងនាថ្ងៃអង្គារ ក្នុងរដ្ឋធានីរីយ៉ាដ។ ប្រសិនបើគ្មានការប្រែប្រួលទេ វានឹងក្លាយកិច្ចពិភាក្សាផ្ទាល់មុខកម្រិតខ្ពស់លើកដំបូង ក្នុងរយៈពេលប៉ុន្មានឆ្នាំ រវាងមន្ត្រីរុស្ស៉ី និងអាមេរិក ហើយនៅមុនពេលមានកិច្ចប្រជុំ រវាងប្រធានាធិបតីអាមេរិក និងប្រធានាធិបតីរុស្ស៉ី។
គួរបញ្ជាក់ថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក៏កំពុងស្ថិតនៅក្នុងតំបន់មជ្ឈិមបូព៌ាដែរ។ លោកបានទៅដល់អេមីរ៉ាត់អារ៉ាប់រួម កាលពីថ្ងៃអាទិត្យ ហើយមានបំណងទៅបំពេញទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីត និងតួកគី ប៉ុន្តែមិនបញ្ជាក់កាលបរិច្ឆេទ។ លោក ហ្សេលេនស្គី និយាយថា លោកគ្មានគម្រោងជួបមន្ត្រីរុស្ស៉ី ឬអាមេរិកទេ ហើយអ៊ុយក្រែនមិនត្រូវបានគេជឿថា នឹងត្រូវបានអញ្ជើញឱ្យចូលរួមកិច្ចពិភាក្សា ដែលរៀបចំដោយអារ៉ាប៊ីសាអូឌីតនោះទេ៕