(ហ៊្សេរុយសាឡិម)៖ ក្រោយជំនួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ក្នុងទីក្រុងហ៊្សេរុយសាឡិម លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បាននិយាយថា អ៉ីស្រាអែល និងសហរដ្ឋអាមេរិក ប្តេជ្ញាចិត្តរារាំងមហិច្ឆតានុយក្លេអ៊ែរ និងឥទ្ធិពលអ៉ីរ៉ង់នៅមជ្ឈិមបូព៌ា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ ២០២៥។
លោក Netanyahu បញ្ជាក់ថា «អ៉ីស្រាអែល និងអាមេរិកប្រកៀកស្មាគ្នា ទប់ទល់នឹងការគំរាមកំហែងរបស់អ៉ីរ៉ង់។ យើងយល់ស្របគ្នាថា រដ្ឋឥស្លាមមួយនេះមិនអាចមានអាវុធនុយក្លេអ៊ែរឡើយ ហើយការឈ្លានពានរបស់អ៉ីរ៉ង់នៅក្នុងតំបន់ ត្រូវតែឆ្លើយតបវិញ»។ ចំណែកលោក Rubio បានគូសបញ្ជាក់ថា «អ្នកនៅពីក្រោយក្រុមភេរវករ អំពើហិង្សា សកម្មភាពអស្ថិរភាព នៅពីក្រោយគ្រប់យ៉ាងដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពសម្រាប់មនុស្សរាប់លាននាក់ នោះគឺអ៉ីរ៉ង់»។
គួរបញ្ជាក់ថា អ៉ីរ៉ង់ ដែលអះអាងថា ខ្លួនកំពុងបង្កើនសារធាតុអ៊ុយរ៉ាញ៉ូម សម្រាប់ការប្រើប្រាស់ធម្មតា ក៏បានគាំទ្រចលនាប្រដាប់អាវុធ នៅតំបន់ទូទាំងមជ្ឈិមបូព៌ា ដោយហៅពួកគេថាជា «តួអង្គធ្វើសង្រ្គាមជំនួស» ជាមួយអ៉ីស្រាអែល និងឥទ្ធិពលរបស់សហរដ្ឋអាមេរិកក្នុងតំបន់៕