(តៃប៉ិ)៖ នៅថ្ងៃចន្ទនេះ ក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយថា ច្រកសមុទ្រតៃវ៉ាន់ មិនស្ថិតនៅក្នុងដែនអធិបតេយ្យរបស់ចិន នោះឡើយ ហើយការប៉ុនប៉ងដោយចេតណា​នានារបស់ចិន ដើម្បីបង្កើតភាពតានតឹង មុខជានឹងបង្កការគំរាមកំហែងពិតប្រាកដមួយ ចំពោះសន្តិសុខសកលមិនខាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥។

ក្រសួងការពារជាតិកោះតៃវ៉ាន់ បានបន្តថា សុខសន្តិភាពនិងស្ថិរភាព នៅច្រកសមុទ្រតៃវ៉ាន់ មិនមែនត្រឹមជារឿងសំខាន់សម្រាប់តៃវ៉ាន់ផ្ទាល់ ប៉ុណ្ណោះនោះទេ ប៉ុន្តែក៏ជាក្តីកង្វល់រួមមួយ សម្រាប់ប្រទេសសេរីនិងប្រជាធិបតេយ្យនានា នៅជុំវិញពិភពលោក ផងដែរ។ ការចេញ​សេចក្តីថ្លែងការណ៍បែបនេះ របស់ក្រសួងការពារជាតិតៃវ៉ាន់ កើតមានឡើង បន្ទាប់ពីចិនបានថ្កោលទោស ការធ្វើដំណើរឆ្លងកាត់​របស់នាវាចម្បាំងកាណាដា នៅច្រកសមុទ្រតៃវ៉ាន់ ក្នុងសប្តាហ៍នេះ។

គួរបញ្ជាក់ថា នាវាចម្បាំងអាមេរិកជារឿយៗ និងម្តងម្កាលនាវាចម្បាំងមកពីប្រទេសជាសម្ព័ន្ធមិត្តអាមេរិក ដូចជាកាណាដា អង់គ្លេស និងបារាំង ជាដើម បាននាំគ្នាធ្វើដំណើរឆ្លងកាត់ ច្រកសមុទ្រតៃវ៉ាន់ ដែលជាសកម្មភាពធ្វើឱ្យចិនក្តៅក្រហាយជាខ្លាំង។ ចិនចាត់ទុក​កោះតៃវ៉ាន់ ជាផ្នែកនៃទឹកដីរបស់ខ្លួន ដូច្នេះហើយ ច្រកសមុទ្រតៃវ៉ាន់ ក៏ត្រូវចាត់ទុក ស្ថិតក្រោមដែនយុត្តាធិការរបស់ប្រទេសចិន ដែរ។ ទោះជាបែបនេះក្តី សហរដ្ឋអាមេរិក និងតៃវ៉ាន់ផ្ទាល់ អះអាងថា ច្រកសមុទ្រនេះ គឺជាដែនទឹកអន្តរជាតិ៕