(វ៉ាស៉ីនតោន)៖ បេសកជនអាមេរិកប្រចាំតំបន់មជ្ឈិមបូព៌ា លោក Steve Witkoff បាននិយាយថា កិច្ចពិភាក្សាដំណាក់កាលទីពីរ នៃកិច្ចព្រមព្រៀងបទឈប់បាញ់រវាងអ៉ីស្រាអែល និងក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា នឹងត្រូវបន្តក្នុងសប្តាហ៍នេះ នៅឯទីតាំងដែលបានកំណត់ ដើម្បីរកវិធីសាស្រ្តឈានដល់ចំណុចរួម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ ២០២៥។
លោក Witkoff បានប្រាប់ Fox News ថា មានការជជែកគ្នា «ប្រកបដោយលទ្ធផល និងមានលក្ខណៈស្ថាបនា» ជាមួយនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu នាយករដ្ឋមន្រ្តីកាតា ព្រះអង្គម្ចាស់ Sheikh Mohammed bin Abdulrahman Al Thani និងនាយកទីភ្នាក់ងារស៉ើបការណ៍សម្ងាត់អេហ្ស៉ីប កាលពីថ្ងៃអាទិត្យ។ លោកគូសបញ្ជាក់ថា «ការជជែកគ្នា ផ្តោតលើដំណាក់កាលទីពីរនៃបទឈប់បាញ់ កំណត់ការអនុវត្តសម្រាប់ភាគីទាំងសងខាង ដូច្នេះយើងអាចយល់បានថា... តើយើងកំពុងស្ថិតនៅចំណុចណា បន្ទាប់មកបន្តការពិភាក្សានាសប្តាហ៍នេះ ដើម្បីស្វែងយល់ពីរបៀបឈានទៅសម្រេច ដំណាក់កាលទីពីរនៃបទឈប់បាញ់ ឱ្យបានជោគជ័យ»។
គួរបញ្ជាក់ថា បទឈប់បាញ់អ៉ីស្រាអែល-ហាម៉ាស រយៈពេល ៤២ថ្ងៃ បានចូលជាធរមានកាលពីថ្ងៃទី១៩ ខែមករា និងចែកចេញជា ៣ដំណាក់កាល៕