(អាមេរិក)៖ យានអវកាសជូណូ (Juno) របស់ទីភ្នាក់ងារអវកាសអាមេរិក NASA ដែលទើបតែបានដោះស្រាយ បញ្ហាម៉ាស៊ីនរបស់វាហើយនោះ បានស្ថិតនៅក្នុងដំណាក់កាល Safe Mode អស់ជាច្រើនម៉ោងនៅមុនពេល វាធ្វើដំណើរខិតទៅជិតភពព្រហស្បតិ៍ កាលពីថ្ងៃទី១៩ ខែតុលា។ នេះបើតាមការចេញផ្សាយដោយគេហទំព័រ Space News នៅរសៀលថ្ងៃចន្ទ ទី២៤ ខែតុលា ឆ្នាំ២០១៦។
នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី១៩ ខែតុលា ក្នុងអំឡុងកិច្ចប្រជុំវិទ្យាសាស្រ្តនៅឯទីក្រុង Pasadena នៃរដ្ឋ California មន្រ្តីដឹកនាំគំរោងនៃបេសកម្មទៅកាន់ភពព្រហស្បតិ៍បាននិយាយថា យានអវកាស Juno បានស្ថិតនៅក្នុងស្ថានភាព Safe Mode អស់រយៈពេលជាង១៣ម៉ោងនៅមុនពេលដែល យានអវកាសនេះបានធ្វើដំណើរចូលទៅកៀកនឹងភពព្រហស្បតិ៍ នៅរយៈកម្ពស់ប្រមាណ ៥,០០០គីឡូម៉ែត្រពីលើស្រទាប់ផ្ទៃខាងលើរបស់ភពយក្សនេះ។
ប្រធានផ្នែកស៊ើបអង្កេតនៃបេសកម្ម Juno លោក Scott Bolton បានបញ្ជាក់ថា យានអវកាសJuno បានអនុវត្តន៍យ៉ាងត្រឹមត្រូវនូវអ្វីដែលវាត្រូវធ្វើ នៅពេលចាប់បានសញ្ញាមិនប្រក្រតីមួយដោយវា បានបិទប្រព័ន្ធណាដែលលមិនចាំបាច់ចោល ហើយរង់ចាំការណែនាំពីក្រុមអ្នកគ្រប់គ្រង។ លោកបានឲ្យ ដឹងដែរថា Safe Mode នោះមានន័យថាយានអវកាស Juno មិនបានប្រមូលយកទិន្នន័យអ្វីទាំងអស់ នៅអំឡុងពេលដែលវាធ្វើដំណើរទៅក្បែរភពព្រហស្បតិ៍ ។
លោក Scott Bolton បានបន្តទៀតថាវាដូចជាឆាប់រហ័សពេកក្នុងការកំណត់ពីមូលហេតុ ដែលបានបណ្តាលឲ្យ យានអវកាស Juno ស្ថិតនៅក្នុង Safe Mode បែបនេះ។ វាពិតជាបានកើតឡើងនៅទីតាំងឆ្ងាយពី ភពព្រហស្បតិ៍ដូច្នេះលោកបានគិតថា ប្រការនេះគឺមិនមានការជាប់ពាក់ព័ន្ធជាមួយនឹងខ្សែក្រវ៉ាត់ការពារ រលកវិទ្យុសកម្មដ៏មានឥទ្ធិពលរបស់ភពព្រហស្បតិ៍នោះឡើយ ប៉ុន្តែវាមិនមែនមានន័យថាពុំមានអ្វីផ្សេងទៀត នៅជុំវិញបរិស្ថាននៃភពព្រហស្បតិ៍ដែលបានបណ្តាលឲ្យយាន Juno ស្ថិតនៅក្នុង Safe Mode នោះឡើយ។
គួរបញ្ជាក់ដែរ យានអាវកាស Juno គឺតែមានសភាពល្អដូចដើមនិងមិនមែនអ្វីខូចខាតធ្ងន់ធ្ងរនោះឡើយ ហើយក្រុមអ្នកវិទ្យាសាស្រ្តកំពុងធ្វើអនុវត្តន៍នូវវិធីនានា ដើម្បីធ្វើយានអវកាសនេះវិញទៅរកសភាពដើមវិញ៕