(ប៉ារីស)៖ មន្រ្តីការិយាល័យប្រធានាធិបតីបារាំង កាលពីថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ បានឱ្យដឹងថា បារាំងកំពុងពិគ្រោះជាមួយ​សម្ព័ន្ធមិត្តរបស់ខ្លួន ក្នុងគោលដៅរៀបចំកិច្ចប្រជុំកំពូលក្រៅផ្លូវការមួយ រវាងបណ្តាមេដឹកនាំនៅអឺរ៉ុប ដើម្បីជជែកអំពីបញ្ហាអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

រដ្ឋមន្រ្តីការបរទេសប៉ូឡូញ ក៏បាននិយាយដែរថា ប្រធានាធិបតីបារាំង លោក Emmanuel Macron បានអំពាវនាវឱ្យមាន ​កិច្ចប្រជុំកំពូលរវាងមេដឹកនាំអឺរ៉ុប នៅទីក្រុងប៉ារីស។ ប្រភពពីក្រុមអ្នកការទូត បានឱ្យដឹងថា កិច្ចពិភាក្សាកំពុងតែបន្តជុំវិញសំណួរ ថាតើគួរអញ្ជើញនរណាខ្លះ ខណៈចក្រភពអង់គ្លេស ដែលមិនមែនជាសមាជិកសហភាពអឺរ៉ុប (EU) ត្រូវបានអញ្ជើញ។ ដោយឡែក វាមិនទាន់ច្បាស់នោះទេ ថាតើប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នឹងទទួលបានការអញ្ជើញ ដែរឬអត់។ បើតាម​ប្រភពដដែល កិច្ចប្រជុំកំពូលខាងលើ ទំនងជានឹងធ្វើឡើង នៅថ្ងៃចន្ទសប្តាហ៍ក្រោយនេះ។

គួរបញ្ជាក់ថា ក្រោយរងសម្ពាធពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ការផ្តោតសំខាន់​របស់អឺរ៉ុប នាពេលនេះ កំពុងងាកទៅរកថា តើពួកគេអាចដើរតួនាទីរឹងមាំអ្វី ដើម្បីចូលរួមផ្តល់ការធានាសន្តិសុខ សម្រាប់អ៊ុយក្រែន ព្រមទាំងមធ្យោបាយ ដើម្បីពង្រឹងសន្តិសុខរួមរបស់អឺរ៉ុប។ កាលពីថ្ងៃសៅរ៍ លោក ហ្សេលេនស្គី បានអំពាវនាវឱ្យបង្កើតកងទ័ពអឺរ៉ុប ក្រោមហេតុផលថា អឺរ៉ុបលែងអាចប្រាកដទៀតហើយ លើការការពាររបស់សហរដ្ឋអាមេរិក៕