(ម៉ានីល)៖ មន្ត្រីការទូតជាន់ខ្ពស់អាមេរិកសម្រាប់តំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក លោក Daniel Russel បាននិយាយនៅថ្ងៃចន្ទនេះថា ទីក្រុងវ៉ាស៊ីនតោន នឹងនៅតែរក្សាស្ថេរភាពនៃសម្ព័ន្ធភាព និងទំនុកចិត្តក្នុងភាព ជាដៃគូជាមួយហ្វីលីពីន ក៏ប៉ុន្តែមន្ត្រីទូតជាន់ខ្ពស់រូបនេះ មិនភ្លេចឡើយនូវការសម្ដែងក្ដីព្រួយបារម្ភទាក់ទិននឹង សុន្ទរកថាដ៏ចម្រូងចម្រាស់ប្រឆាំងនឹងសហរដ្ឋអាមេរិក ពីសំណាក់ប្រធានាធិបតីហ្វីលីពីនកាលពីពេលថ្មីៗនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃចន្ទ ទី២៤ ខែតុលា ឆ្នាំ២០១៦។
ជាមួយគ្នានោះដែរ លោក Daniel Russel ក៏បានលើកឡើងផងដែរថា ទោះបីសហរដ្ឋអាមេរិកគាំទ្រកិច្ចខិតខំ ប្រឹងប្រែងរបស់ទីក្រុងម៉ានីលប្រឆំាងនឹងឧក្រិដ្ឋកម្មគ្រឿងញៀនក៏ដោយ ទីក្រុងវ៉ាស៊ីនតោននៅតែព្រួយបារម្ភ ជុំវិញការបាត់បង់ជីវិតក៏ដូចជាការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ។
គួរបញ្ជាក់ថាការលើកឡើងខាងលើរបស់លោក Daniel Russel ធ្វើឡើងនៅបន្ទាប់ពីជំនួបជាមួយរដ្ឋមន្ត្រី ការបរទេសហ្វីលីពីន លោក Perfecto Yasay នៅថ្ងៃចន្ទនេះ៕