(វ៉ាលេតា)៖ យន្តហោះខ្នាតតូចមួយគ្រឿងដែលត្រូវបានគេជឿជាក់ថា មានផ្ទុកអ្នកដំណើរជាមន្រ្តីកិច្ចការ ព្រំដែនសហភាពអឺរ៉ុបនៃទីភ្នាក់ងារ Frontex បានធ្លាក់បន្ទាប់ពីបានហោះចេញពីប្រទេសដីកោះ Malta ដែលស្ថិតនៅទ្វីបអឺរ៉ុបបានតែបន្តិចប៉ុណ្ណោះ ហើយបើយោងតាមប្រភពពីអាកាសយានដ្ឋាននិងសាក្សី ជាច្រើននាក់បានអះអាងថា មនុស្សចំនួនប្រាំនាក់បានស្លាប់បាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយ Reuters នៅមុននេះបន្តិច នារសៀលថ្ងៃចន្ទ ទី២៤ ខែតុលា ឆ្នាំ២០១៦។
សាក្សីនៅឯអាកាសយានដ្ឋានដែលយន្តហោះខាងលើបានហោះចេញបាន្យដឹងថា ហេតុការណ៍ ធ្លាក់យន្តហោះនោះបានកើតឡើងនៅវេលាម៉ោង ០៥៖៣០នាទីព្រឹក (ម៉ោងនៅក្នុងប្រទេស Malta) ខណៈដែលវាកំពុងធ្វើដំណើរសំដៅទៅកាន់ទីក្រុង Misrata នៃប្រទេសលីប៊ី។ ជាមួយគ្នានេះដែរ ភ្នាក់ងារសង្រ្គោះបន្ទាន់កំពុងតែរួសរាន់ធ្វើការស្វែងរកអ្នកដែលនៅរស់រានមានជីវិត ព្រោះថាយន្តហោះនោះ អាចផ្ទុកអ្នកដំណើរបានចំនួន ១០នាក់។
សារព័តមាន Times of Malta បានឲ្យដឹងដែរថា យន្តហោះខាងលើត្រូវបានជួលពីប្រទេស Luxemborg ដែលជាប្រទេសស្ថិតនៅទ្វីបអឺរ៉ុបដូចគ្នា ដើម្បីយកមកប្រើប្រាស់សម្រាប់ដឹកមន្រ្តីនៃទីភ្នាក់ងារ Frontex ហើយមកទល់ពេលនេះ គេពុំទាន់បានដឹងពីសញ្ជាតិនៃជនរងគ្រោះនៅឡើយនោះទេ៕