Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ដូណាល់ ត្រាំ ថាអឺរ៉ុបកំពុងបាត់បង់សេរីភាពបញ្ចេញមតិ (Video inside)

15-02-2025 10:41

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ បាននិយាយថាអឺរ៉ុបកំពុងបាត់បង់សេរីភាពបញ្ចេញមតិ និងបានកោតសរសើរសុន្ទរកថារបស់អនុប្រធានាធិបតី លោក JD Vance នៅឯសន្និសីទសន្តិសុខក្នុងទីក្រុង Munich ដោយចាត់ទុកជាសុន្ទរកថាមួយដ៏អស្ចារ្យ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅឯការិយាល័យពងក្រពើ នៅពេលត្រូវបានសាកសួរអំពីសុន្ទរកថារបស់លោក JD Vance លោក ត្រាំ បានឆ្លើយតបថា «ខ្ញុំបានស្ដាប់ឮសុន្ទរកថារបស់គាត់ ហើយគាត់បាននិយាយ ពីសេរីភាពបញ្ចេញមតិ។ ខ្ញុំគិតថាវាជាការពិតនៅអឺរ៉ុប នោះគឺវាកំពុងបាត់បង់។ ពួកគេកំពុងបាត់បង់សិទ្ធិដ៏អស្ចារ្យនៃការបញ្ចេញមតិ»។ លោក ត្រាំ ក៏បានលើកឡើងពីបញ្ហាជនអន្តោប្រវេសន៍ថាជាបញ្ហាប្រឈមដ៏ធំ សម្រាប់អឺរ៉ុបផងដែរ ដោយទាញភ្ជាប់ជនអន្តោប្រវេសន៍ទៅនឹងបទល្មើសជាច្រើននៅទូទាំងទ្វីបអឺរ៉ុប។

គួរបញ្ជាក់ថា ក្នុងសុន្ទរកថាទៅកាន់សន្និសីទសន្តិសុខក្នុងទីក្រុង Munich ប្រទេសអាលឺ្លម៉ង់ កាលពីថ្ងៃសុក្រ លោក JD Vance បានរិះគន់ឥតសំច្ចៃមាត់លើអ្នកនយោបាយ និងស្ថាប័នអឺរ៉ុប រួមទាំងតុលាការសម្រាប់ អ្វីដែលលោកហៅថាជាការដើរចេញពីគោលការណ៍ប្រជាធិបតេយ្យ បន្ទាប់ពីមានការចោទប្រកាន់ថាអាចនឹងមានការលុបចោលការបោះឆ្នោតក្នុងប្រទេសអាល្លឺម៉ង់ ប្រសិនបើគណបក្សសាំ្តនិយមជ្រុល AfD ទទួលបាន ជ័យជម្នះ។ ប៉ុន្តែ រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ បានរិះគន់ការលើកឡើងរបស់លោក JD Vance ចំពោះការអះអាងថារដ្ឋាភិបាលអឺរ៉ុបកំពុងពង្រឹងគោលនយោបាយប្រឆាំងប្រជាធិបតេយ្យ និងគាបសង្កត់លើ សំឡេងអ្នកប្រឆាំង៕