(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអ៊ុយក្រែន​ លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថាអ៊ុយក្រែនមានឱកាសតិចតួចណាស់ ដើម្បីបន្តមានជីវិតពីការឈ្លានពានរបស់រុស្ស៉ី ប្រសិនបើគ្មានការគាំទ្រពីសហរដ្ឋអាមេរិក ទេនោះ។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក ហ្សេលេនស្គី ធ្វើការកត់សម្គាល់បែបនេះក្នុងបទសម្ភាសន៍ជាមួយកម្មវិធី «Meet the Press with Kristen Welker» របស់ទូរទស្សន៍អាមេរិក NBC ដែលបានចាក់ផ្សាយផ្នែកខ្លះកាលពីថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ហើយបទសម្ភាសន៍ទាំងស្រុង នឹងត្រូវចាក់ផ្សាយនៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ។ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ថា «វាប្រហែជាពិបាក...ពិបាកខ្លាំងណាស់ ហើយជាការពិត នៅគ្រប់ស្ថានការណ៍ដ៏ពិបាក អ្នកគឺមានឱកាស។ ប៉ុន្តែយើងមានឱកាសតិចតួចណាស់...ឱកាសតិចតួចដើម្បីបន្តមានជីវិត ប្រសិនបើមិនមានការគាំទ្រពីសហរដ្ឋអាមេរិកទេនោះ»

គួរបញ្ជាក់ថា ការលើកឡើងរបស់លោក ហ្សេលេនស្គី កើតមានឡើងបន្ទាប់ពីលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានសន្ទនាតាមទូរស័ព្ទជាមួយលោក ហ្សេលេនស្គី និងលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន កាលពីដើមសប្ដាហ៍កន្លងទៅនេះ អំពីការបិទបញ្ចប់សង្រ្គាមអ៊ុយក្រែន៕