Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មហាសេដ្ឋី Elon Musk កំពុងបង្កឱ្យមានភាពតានតឹង និងការខកចិត្តក្នុងសេតវិមាន ដោយសារតែខ្វះតម្លាភាព (Video inside)

14-02-2025 19:35

(វ៉ាស៊ីនតោន)៖ ប្រភពជាច្រើនបានឱ្យដឹងថា យុទ្ធសាស្ត្ររបស់មហាសេដ្ឋី Elon Musk ក្នុងការកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាលសហព័ន្ធ ក្រោមការចាត់តាំងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងបង្កឱ្យមានភាពតានតឹង និងការខកចិត្ត ក្នុងចំណោមមន្ត្រសេតវិមានមួយចំនួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ប្រធានបុគ្គលិករបស់ប្រធានាធិបតី លោកស្រី Susie Wiles និងក្រុមការងារមានការមិនសប្បាយចិត្ត ចំពោះរបៀបដែលនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) របស់លោក Musk ស្វែងរកការបណ្តេញបុគ្គលិករាប់ពាន់នាក់ ការចូលប្រើប្រាស់ទិន្នន័យសំខាន់ៗ និង ការរំខានប្រតិបត្តិការ ដោយមិនមានការសម្របសម្រួលគ្រប់គ្រាន់។

ទោះបីជា លោក Musk អះអាងពីការមាន «តម្លាភាពអតិបរមា» ក៏ដោយ ក៏ នាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) មួយនេះ កំពុងដំណើរការដោយសម្ងាត់ ដោយស្ទើរតែគ្មានព័ត៌មានសាធារណៈ អំពីសកម្មភាពរបស់ខ្លួន។

ប្រភពមួយបានលើកឡើង ពីការខកចិត្តរបស់ក្រុមការងារលោកស្រី Wiles ដែលចង់ឱ្យមានការជូនដំណឹងជាមុន និងដំណើរការការងារ ដែលមានសណ្តាប់ធ្នាប់ជាងនេះ។ ប្រភពមួយទៀតបានបញ្ជាក់ថា មន្ត្រីសេតវិមានមួយចំនួន មិនសប្បាយចិត្តចំពោះការបញ្ចេញព័ត៌មានរបស់លោក Musk នៅលើបណ្តាញសង្គម X មុនការត្រួតពិនិត្យត្រឹមត្រូវ។

គួរបញ្ជាក់ថា លោក Musk ដែលត្រូវបានតែងតាំងជា «បុគ្គលិកពិសេសរបស់រដ្ឋាភិបាល» មិនតម្រូវឱ្យបង្ហាញព័ត៌មានហិរញ្ញវត្ថុជាសាធារណៈនោះទេ។ លោកបានថ្លែងការពារតួនាទីរបស់លោក ដោយលើកឡើងថា ប្រជាជនបានបោះឆ្នោតឱ្យលោក ដូណាល់ ត្រាំ ដើម្បីឱ្យមានកំណែទម្រង់រដ្ឋាភិបាលដ៏សំខាន់បែបនេះហើយ៕