(ឡុងដ៍)៖ ចក្រភពអង់គ្លេស បានប្រកាសដាក់ទណ្ឌកម្មថ្មីលើបុគ្គលដែលធ្វើការក្នុងរដ្ឋាភិបាលរុស្ស៊ី រួមមានលោក Pavel Fradkov អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក Vladimir Selin ដែលដឹកនាំក្រសួងការពារជាតិរបស់ប្រទេសនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ការិយាល័យការបរទេស បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា ទណ្ឌកម្មថ្មីនេះ ក៏សំដៅលើក្រុមហ៊ុន Artem Chaika ដែលត្រូវបានចោទប្រកាន់ពីបទគាំទ្រអាជីវកម្មរុស្ស៊ី ក្នុងនាមក្រុមហ៊ុននិរទេសខ្លួន និងអង្គភាពពីរដែលមានទំនាក់ទំនង នឹងក្រុមហ៊ុនថាមពលនុយក្លេអ៊ែររុស្ស៊ី Rosatom ផងដែរ។

ការិយាល័យបរទេសបានលើកឡើងថា បុគ្គលនិងអង្គភាពដែលត្រូវបានកំណត់គោលដៅ ដោយទណ្ឌកម្មទាំងនេះ មានទំនាក់ទំនងទៅនឹង «រង្វង់ខាងក្នុង»​ របស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។

រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក David Lammy បានប្រកាសពីការដាក់ទណ្ឌកម្មបន្ថែម ដោយថ្លែងថា «យើងបន្តរក្សាសម្ពាធលើពូទីន»។ លោកបានបន្ថែមថា «ប្រជាជនអ៊ុយក្រែន កំពុងប្រយុទ្ធនៅជួរមុខដើម្បីការពារមិនត្រឹមតែអនាគតប្រទេសរបស់ពួកគេប៉ុណ្ណោះទេ ថែមទាំងគោលការណ៍អធិបតេយ្យភាពនៅទូទាំងទ្វីបអឺរ៉ុបផងដែរ»៕