Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

UNHCR៖ ជម្លោះនៅកុងហ្គោ បង្ខំឱ្យមនុស្ស ៣៥០.០០០ នាក់ បាត់បង់ទីជម្រក (Video inside)

14-02-2025 19:02

(ហ្សឺណែវ)៖ ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្ថានភាពកាន់តែអាក្រក់ នៅភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដោយប្រកាសថា មនុស្សប្រហែល ៣៥០,០០០ នាក់ បានបាត់បង់ ទីជម្រកដោយសារការប្រយុទ្ធគ្នារវាងក្រុមឧទ្ទាម និងកងកម្លាំងរដ្ឋាភិបាល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ក្រុមឧទ្ទាម M23 ដែលត្រូវបានចោទប្រកាន់ថា គាំទ្រដោយប្រទេស Rwanda បានដណ្តើមកាន់កាប់ទីក្រុងសំខាន់ៗ និងកំពុងវាយឈានទៅមុខ បង្កឱ្យមានវិបត្តិមនុស្សធម៌កាន់តែធ្ងន់ធ្ងរ។ UNHCR បញ្ជាក់ថា ជំរំបណ្តោះអាសន្នជាច្រើនត្រូវបានបំផ្លាញ ហើយមនុស្សរាប់សែននាក់ កំពុងរស់នៅក្នុងស្ថានភាពដ៏លំបាក។

UNHCR ក៏បានព្រមានពីការកើនឡើងនៃឧក្រិដ្ឋកម្ម និងហានិភ័យនៃជំងឺផងដែរ ដោយសារតែការលំបាកក្នុងការផ្តល់ជំនួយដល់ជនភៀសខ្លួន ចំពេលមានការប្រយុទ្ធគ្នា។ ស្របពេលនោះ បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិបានរាយការណ៍ថា ជនស៊ីវិលជាង ៨០នាក់ ត្រូវបានសម្លាប់ដោយកងជីវពល CODECO ក្នុងការវាយប្រហារពេលយប់លើភូមិនានានៅភាគខាងកើតប្រទេសកុងហ្គោ ក្នុងសប្តាហ៍នេះ។ CODECO តែងតែវាយប្រហារជំរំជនភៀសខ្លួន ដែលកើនឡើងចំនួនចាប់តាំងពីការវាយលុករបស់ក្រុមឧទ្ទាម M23៕