(សាណា)៖ មេដឹកនាំហ៊ូទីនៅយេម៉ែន លោក Abdul Malik បាននិយាយថា ក្រុមរបស់ខ្លួននឹងធ្វើសកម្មភាពយោធាភ្លាមៗ ប្រសិនបើសហរដ្ឋអាមេរិក ក៏ដូចជាអ៉ីស្រាអែល ព្យាយាមបង្ខំឱ្យជនជាតិប៉ាឡេស្ទីនចាកចេញពីតំបន់ហ្កាហ្សា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ ២០២៥។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើឱ្យពិភពអារ៉ាប់ខឹងសម្បារ ជុំវិញផែនការជម្លៀសប្រជាជនចេញពីហ្កាហ្សា ហើយទុកឱ្យសហរដ្ឋអាមេរិកគ្រប់គ្រងតំបន់នោះ។ ក្រុមហ៊ូទីនិយាយថា នឹងធ្វើអន្តរាគមន៍ដោយមីស៉ីល និងយន្តហោះដ្រូន វាយប្រហារលើនាវានៅសមុទ្រក្រហមឡើងវិញ ប្រសិនបើសហរដ្ឋអាមេរិក និងអ៉ីស្រាអែល ប្រើកម្លាំងបង្ខំឱ្យជនជាតិប៉ាឡេស្ទីន ចាកចេញពីហ្កាហ្សា។ លោក Abdul Malik បញ្ជាក់ថា «ខ្ញុំបានអំពាវនាវឱ្យកម្លាំងប្រដាប់អាវុធទាំងអស់ត្រៀមខ្លួន សម្រាប់ការធ្វើអន្តរាគមន៍ផ្នែកយោធា ប្រសិនបើលោក ត្រាំ អនុវត្តតាមការគំរាមរបស់គាត់»

គួរបញ្ជាក់ថា ស្របគ្នានឹងការប្រកាសផែនការសម្រាប់តំបន់ហ្កាហ្សា របស់សហរដ្ឋអាមេរិក ដែលបន្ទរសំលេងគំាទ្រពីអ៉ីស្រាអែល បទឈប់បាញ់អ៉ីស្រាអែល-ហាម៉ាស់ ដែលសម្រេចបានកាលពីថ្ងៃទី១៩ ខែមករា បានប្រឈមភាពជិតដួលរលំ ក្នុងសប្តាហ៍នេះ ចំពេលមានការចោទប្រកាន់គ្នាទៅវិញទៅមក អំពីការរំលោភបំពាន៕