(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកមានបំណង​ចង់ពិភាក្សាជាមួយប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន និងប្រធានាធិបតីចិន លោក ស៉ី ជីនពីង អំពីការកាត់បន្ថយអាវុធនុយក្លេអ៊ែរ ក៏ដូចជាការចំណាយលើវិស័យយោធា របស់ប្រទេសមហាអំណាចទាំង៣។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

កាលពីថ្ងៃចន្ទសប្តាហ៍នេះ រុស្ស៉ីបានព្រមានថា ឱកាសដើម្បីពន្យារសុពលភាព កិច្ចព្រមព្រៀងគ្រប់គ្រងអាវុធនុយក្លេអ៊ែរ រវាងទីក្រុងមូស្គូ និងទីក្រុងវ៉ាស៉ីនតោន ដែលជាមហាអំណាចនុយក្លេអ៊ែរធំជាងគេបង្អស់ទាំង២ របស់ពិភពលោក គឺមិនសូវល្អនោះឡើយ ហើយស្ថានការណ៍ ហាក់កំពុងស្ថិតក្នុងសភាពជាប់គាំង។ សន្ធិសញ្ញា New START ដែលកំណត់ចំនួនក្បាលគ្រាប់នុយក្លេអ៊ែរ ដែលអាមេរិកនិងរុស្ស៉ី អាចដាក់ពង្រាយ នឹងត្រូវផុតសុពលភាព នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦។ កាលពីអំឡុងរដ្ឋបាលអតីតប្រធានាធិបតី លោក ចូ បៃដិន អាមេរិកធ្លាប់បានព្យាយាមជំរុញឱ្យចិន ចូលរួមក្នុងកិច្ចចរចា​គ្រប់គ្រងអាវុធនុយក្លេអ៊ែរ ប៉ុន្តែមិនទទួលជោគជ័យ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅសេតវិមាន លោក ត្រាំ បាននិយាយថា លោកគាំទ្រការកាត់បន្ថយអាវុធនុយក្លេអ៊ែរ ហើយថា​គ្មានហេតុផលអ្វី ដែលត្រូវផលិតអាវុធនុយក្លេអ៊ែរ ថែមទៀតឡើយ។ លោកបានបន្តថា រូបលោកនឹងពិនិត្យមើលជាថ្មីលើបញ្ហានេះ ដោយចាប់ផ្តើមតាមរយៈកិច្ចសន្ទនាជាមួយ លោក ពូទីន និងលោក ស៉ី ហើយអាចឆ្ពោះទៅរក កិច្ចប្រជុំកំពូលលក្ខណៈត្រីភាគីតែម្តង។ លោកមិនបានបញ្ជាក់ថា កិច្ចពិភាក្សាទាំងនេះ ប្រហែលនឹងកើតឡើងនៅពេលណា ឱ្យប្រាកដឡើយ ប៉ុន្តែសង្ឃឹមថា វានឹងមិនជាយូរ​ខ្លាំងនោះទេ។ លោក ត្រាំ ក៏បានបង្ហាញបំណងចង់ជជែក អំពីការកាត់បន្ថយការចំណាយលើវិស័យយោធា ផងដែរ។

គួរបញ្ជាក់ថា យោងតាមវិទ្យាស្ថាន Stockholm International Peace Research Institute រុស្ស៉ីជាប្រទេស ដែលមានអាវុធនុយក្លេអ៊ែរច្រើនជាងគេបង្អស់ គឺ៥៥៨០គ្រាប់ បន្ទាប់មក អាមេរិកមាន៥០៤៤គ្រាប់ ហើយចិនមានខ្ទង់៥០០គ្រាប់។ បើតាមការវាយតម្លៃរបស់ទីក្រុងវ៉ាស៉ីនតោន ចំនួនក្បាលគ្រាប់នុយក្លេអ៊ែររបស់ចិន កំពុងកើនឡើងក្នុងសន្ទុះយ៉ាងឆាប់រហ័ស។ រីឯ សម្រាប់ការចំណាយលើវិស័យយោធាវិញ បើយោងតាមទិន្នន័យឆ្នាំ២០២៤ របស់វិទ្យាស្ថាន International Institute for Strategic Studies សហរដ្ឋអាមេរិកចំណាយច្រើនជាងគេ គឺចំនួន៩១៦ពាន់លានដុល្លារ, ចិនជិត៣០០ពាន់លានដុល្លារ ខណៈរុស្ស៉ី១៣០ពាន់លានដុល្លារ៕