(វិទ្យាសាស្រ្ត)៖ យានអវកាសគោចរជុំវិញភពអង្គាររបស់ ទីភ្នាក់ងារអវកាស NASA បានប្រទះឃើញថា យានរុករកភពអង្គារ ExoMars Rover របស់ទីភ្នាក់ងារអវកាសអឺរ៉ុបESA បានផ្ទុះឆេះខ្ទេចបាត់ទៅហើយ ដោយការបុកទង្គិចពេញទំហឹងជាមួយនឹងផ្ទៃដីរបស់ភពអង្គារ នៅវាព្យាយាមចុះចត។ នេះបើយោងតាម ប្រភពព័ត៌មានវិទ្យាសាស្រ្ត Space ចេញផ្សាយនៅរសៀលថ្ងៃច័ន្ទ ទី២៤ ខែតុលា ឆ្នាំ២០១៦។
យានដែលកំពុងគោចររបស់ភ្នាក់ងារអវកាសណាសា (MRO) នៅភពអង្គារ បានចាប់បានរូបភាពឲ្យឃើញថា យានអវកាសដើម្បីបំពេញបេសកកម្មសិក្សាស្រាវជ្រាវអំពីភពអង្គារ ExoMars ឬ Schiaparelli បានដាច់ សញ្ញាទំនាក់ទំនងជាមួយនឹង ក្រុមអ្នកវិទ្យាសាស្រ្តនៅភពផែនដី ក្រោយពីវាបានធ្វើការចុះចតនៅលើផ្ទៃដី របស់ភពអង្គារបានមិនដល់មួយនាទីកាលពីព្រឹកថ្ងៃពុធ សប្តាហ៍មុននេះ។
ជាមួយគ្នាដែរ ភ្នាក់ងារអវកាសណាសាបានបញ្ជាក់ឲ្យដឹងទៀតថា ការផ្តាច់សញ្ញាទំនាក់ទំនងជាមួយនឹង ក្រុមអ្នកវិទ្យាសាស្រ្តនៅភពផែនដីរបស់យានអវកាស Schiaparelli បណ្តាលមកពីយានត្រូវបានផ្ទុះឆេះ និងខូចខាតទាំងស្រុង ដោយការបុកជាមួយនឹងផ្ទៃដីរបស់ភពក្រហមនោះតែម្តង។
ដោយឡែក ភ្នាក់ងារអកាសអឺរ៉ុប ក៏បានបង្ហាញជាផ្លូវការដែរថា យានអវកាស Schiaparelli បានធ្លាក់ក្នុងរយៈកំពស់០៤គីឡូម៉ែត្រពីគោចររបស់ភពអង្គារក្នុងល្បឿន ៣០០គីឡូម៉ែត្រក្នុងមួយម៉ោង ដែលជាល្បឿនដ៏លឿនមួយគួរឲ្យរន្ធត់។
គួរបញ្ជាក់ដែរថាយានអវកាស Schiaparelli តម្លៃ ១.៥ រយពាន់លាន ត្រូវបានបង្ហោះឡើងទៅក្នុង លំហអាកាសក្នុងគោលដៅឆ្ពោះទៅកាន់ភពអង្គារ ដើម្បីបំពេញបេសកកម្មសិក្សាស្រាវជ្រាវរបស់ទីភ្នាក់ងារ អវកាសអឺរ៉ុប ESA ថែមទាំងត្រូវបានចូលរួមសហការដោយ ទីភ្នាក់ងារអវកាសយោធារុស្ស៊ី ដែលមានគំរោងបញ្ចប់បេសកកម្មនៅក្នុងឆ្នាំ ២០២០៕