(វ៉ាស៉ីនតោន)៖ កាលពីខែមករាកន្លងទៅនេះ សហរដ្ឋអាមេរិក បានមើលឃើញ អតិផរណាកើនក្នុងអត្រាមួយខ្ពស់ជាងការរំពឹងទុក ដោយសារការឡើងថ្លៃទំនិញ និងសេវាកម្មទូទៅ ភាគច្រើន។ នេះបើតាមការចេញផ្សាយ សារព័ត៌មាន BBC នៅថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥។
ទិន្នន័យដែលចេញផ្សាយក្នុងសប្តាហ៍នេះ ដោយរដ្ឋាភិបាលអាមេរិក បានបង្ហាញថា អតិផរណាបានកើន ០.៥ភាគរយ ពីខែធ្នូ ឆ្នាំមុន ដែលជាសន្ទុះដ៏លឿនបំផុតមួយ គិតចាប់តាំងពីខែសីហា ឆ្នាំ២០២៣ ជាហេតុជំរុញឱ្យអត្រាអតិផរណាប្រចាំឆ្នាំ កាលពីខែមករា ឡើងដល់៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤។ អត្រានេះ គឺខ្ពស់ជាងការប៉ាន់ស្មានកន្លងមក របស់ក្រុមអ្នកវិភាគសេដ្ឋកិច្ចអាមេរិក។
គួរបញ្ជាក់ថា វាបង្កជាបញ្ហាប្រឈមមួយ សម្រាប់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលទើបឡើងកាន់អំណាច កាលពីខែមុន ដ្បិតអំឡុងពេលឃោសនាបោះឆ្នោត លោក ត្រាំ ធ្លាប់បានសន្យាថា ការដោះស្រាយបញ្ហាអតិផរណា គឺជាកិច្ចការចម្បងមួយសម្រាប់រដ្ឋបាលលោក ប៉ុន្តែចាប់តាំងពីចូលកាន់តំណែងមក រូបលោកបានដាក់ចេញគោលនយោបាយមួយចំនួន រួមមានទាំងការដំឡើងពន្ធលើការនាំចូល ដែលក្រុមអ្នកជំនាញសេដ្ឋកិច្ច អះអាងថា នឹងបង្កើនហានិភ័យរុញច្រានតម្លៃទំនិញ ក៏ដូចជាសេវាកម្មផ្សេងៗ ថែមទៀត៕