(ឡាវេហ្គាស)៖ ស្តេចប្រដាល់សកលលំដាប់លេខ២ ពិភពលោក Manny Pacquiao នឹងឡើងវ៉ៃដណ្តើមខ្សែក្រវាត់ របស់ស្ថាប័ន WBO ពីជើងខ្លាំងជនជាតិអាមេរិក Jessie Vargas ព្រឹកថ្ងៃអាទិត្យ ទី៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ខាងមុខនេះ នៅលើទឹកដីអាមេរិកតែម្តង។
នេះជាការសម្រេចចិត្តវិលមកកាន់សង្វៀនប្រដាល់ជាថ្មីរបស់កីឡាករនិម្មិតរូបរបស់ហ្វីលីពីន ដែលមានរហស្សនាមថា «Pacman» បន្ទាប់ពីកីឡាករវ័យ៣៧ឆ្នាំ ទម្ងន់៧០គីឡូក្រាមរូបនេះបានប្រកាសចូលនិវត្តន៍ពីអាជីពឈឺសាច់មួយរយៈ ក្រោយពេលផ្តួលជើងខ្លាំង Timothy Bradley ជាលើកទី២ ដោយពិន្ទុជាឯកច្ឆន្ទកាលពីខែមេសា ឆ្នាំ២០១៦ កន្លងទៅ ដោយមូលហេតុ យកពេលវេលាទៅបម្រើនយោបាយនៅក្នុងប្រទេសរបស់ខ្លួនវិញ។
អតីតម្ចាស់ជើងឯកខ្សែក្រវាត់ពិភពលោក ៨សម័យកាល Pacman បានរៀបរាប់ពីមូលហេតុនៃការសម្រេចចិត្តមកកាន់ទីលានប្រដាល់ជាថ្មីដោយសារតែបញ្ហា «លុយ» ដោយបានលើកឡើងប្រាប់ BBC ថា «ប្រដាល់ គឺជាប្រភពចំណូលដ៏សំខាន់សម្រាប់ខ្ញុំ ខ្ញុំមិនអាចពឹងពាក់ទាំងស្រុងទៅលើប្រាក់បៀវត្សរ៍នៃមន្រ្តីសាធារណៈឡើយ។ បច្ចុប្បន្ន ខ្ញុំកំពុងចិញ្ចឹមគ្រួសារ និងប្រពន្ធ ហើយក៏មានប្រជាជនហ្វីលីពីនជាច្រើនរូបទៀតមកសុំជំនួយពីខ្ញុំផងដែរ»។
តែយ៉ាងណាក៏ដោយ រហូតមកទល់នឹងពេលនេះពុំមានលេចលឺព័ត៌មានណាមួយទម្លាយពីប្រាក់រង្វាន់ដែល Pacquiao នឹងទទួលបានពីមួយប្រកួតដ៏សំខាន់នាថ្ងៃទី៦ ខែវិច្ឆិកាទល់នឹងកីឡាករម្ចាស់ផ្ទះ Jessie Vargas នៅសង្វៀន MGM Grand Arena ស្ថិតក្នុងទីក្រុង Las Vegas សហរដ្ឋអាមេរិកនៅឡើយទេ គ្រាដែលរូបគេទទួលបានប្រាក់រង្វាន់រហូត ដល់ទៅ ១៥០លានដុល្លារ ទោះចាញ់ជើងខ្លាំង Floyd Mayweather ដោយពិន្ទុក៏ដោយ។
សូមបញ្ជាក់ផងដែរថា ក្នុងជីវិតជាកីឡាករប្រដាល់អាជីពរយៈពេល ១៨ឆ្នាំ គិតចាប់តាំងពីឆ្នាំ១៩៩៥មក Manny Pacquiao កម្ពស់ ១.៦៩ម៉ែត្រ បានឡើងវ៉ៃចំនួន ៦៦ដងមកហើយ ក្នុងនោះធ្លាប់ឈ្នះ៥៨ប្រកួត ចាញ់៦ប្រកួត និងស្មើ២ប្រកួត និងផ្តួលដៃគូឲ្យសន្លប់នៅលើសង្វៀនបាន ៣៨ដង គ្រាដែលកីឡាករ Jessie Vargas ជនជាតិអាមេរិក វ័យ២៧ឆ្នាំ កម្ពស់ ១.៧៨ម៉ែត្រ ឡើងវាយបាន២៨ដង ក្នុងនោះធ្លាប់ឈ្នះ២៧ដង ចាញ់១ដង មិនដែលស្មើ និងធ្លាប់ផ្តួលដៃគូឲ្យសន្លប់បាន១០ដង កំពុងតែគ្រប់គ្រងខ្សែក្រវាត់ WBO ក្នុងដៃ៕