(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ បានប្រកាសដាក់ទណ្ឌកម្មលើរដ្ឋអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ជុំវិញការស៊ើបអង្កេតលើទាហានអាមេរិក រួមទាំងអ៉ីស្រាអែលដែលរងការចោទប្រកាន់ថាបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាមក្នុងតំបន់ហ្កាហ្សា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ក្រសួងហិរញ្ញវត្ថុអាមេរិក បានឱ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍មួយពីការដាក់ទណ្ឌកម្មប្រឆាំងនឹងរដ្ឋអាជ្ញា ICC លោក Karim Khan អនុលោមតាមបទបញ្ជាប្រតិបត្តិកាលពីថ្ងៃទី៦ ខែកុម្ភៈ របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានអំពាវនាវឱ្យដាក់ទណ្ឌកម្មលើរដ្ឋអាជ្ញារូបនេះ។ ICC កំពុងធ្វើការស៊ើបអង្កេតលើប្រតិបត្តិការយោធារបស់អ៉ីស្រាអែល ប្រឆាំងនឹងក្រុមហាម៉ាស ក្នុងតំបន់ហ្កាហ្សា ជាការសងសឹកទៅនឹងការវាយប្រហារលើភាគខាងត្បូងអ៉ីស្រាអែលពីសំណាក់ចលនាប៉ាឡេស្ទីនមួយនេះកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។

លោក Karim Khan ដែលមានសញ្ជាតិអង់គ្លេស គឺជាអ្នកទទួលខុសត្រូវលើការស្នើសុំឱ្យ ICC ចេញដីកាឃាត់ខ្លួននាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu និងអតីតរដ្ឋមន្ត្រីការពារជាតិរបស់លោក គឺលោក Yoav Gallant ព្រមទាំងមេដឹកនាំហាម៉ាសកាលពីឆ្នាំ២០២៤ ដោយចោទថាបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម។ ICC វិញក៏បានអះអាងដែរថា ខ្លួនបានរកឃើញភស្តុតាងសមហេតុផលដែលអាចជឿជាក់ថាលោក Netanyahu និងលោក Gallant ជាអ្នកទទួលខុសត្រូវលើឧក្រិដ្ឋកម្មសង្រ្គាម ដូចជាការប្រើវិធីបង្អត់អាហារជាអាវុធ ព្រមទាំងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងទង្វើអមនុស្សធម៌ដទៃទៀត។

ក្រៅតែពីស៊ើបអង្កេតលើអ៉ីស្រាអែល ICC ក៏បាន និងកំពុងស៊ើបអង្កេតផងដែរលើឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដែលត្រូវបានចោទប្រកាន់ថាបានកើតឡើង អំឡុង សង្រ្គាមឈ្លានពាន និងការកាន់កាប់របស់សហរដ្ឋអាមេរិកក្នុងប្រទេសអាហ្វហ្កានីស្ថាន ចន្លោះពីឆ្នាំ២០០១ ដល់ឆ្នាំ២០២១។

គួរបញ្ជាក់ថា នៅក្នុងបទបញ្ជាប្រតិបត្តិរបស់លោក លោក ត្រាំ បានចោទប្រកាន់ ICC ថាបានចូលរួមក្នុងសកម្មភាពខុសច្បាប់ និងគ្មានមូលដ្ឋាន ដើម្បីប្រឆាំងនឹងសហរដ្ឋអាមេរិក ព្រមទាំង អ៉ីស្រាអែលដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក។ ទាំងអាមេរិក និងអ៉ីស្រាអែលមិនមែនជាសមាជិក ICC ឡើយ៕