(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈថាសហរដ្ឋអាមេរិកនឹងលក់យន្ដហោះចម្បាំងបំបាំងកាយ F-35 ទៅឱ្យឥណ្ឌា ដែលនឹងធ្វើឱ្យ ឥណ្ឌាស្ថិតក្នុងចំណោមប្រទេសមួយចំនួនតូចមានយន្ដហោះចម្បាំងអាមេរិកដ៏ទំនើបមួយនេះយកទៅប្រើ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
រដ្ឋាភិបាលអាមេរិកគ្រប់ជំនាន់មកនេះ បានចាត់ទុកឥណ្ឌាជាដៃគូដ៏សំខាន់មួយមិនអាចខ្វះបាន ដើម្បីទប់ទល់នឹងការកើនឡើងឥទ្ធិពលចិន។ នៅឯសន្និសីទសារព័ត៌មានរួមគ្នាជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី លោក ត្រាំ បានប្រកាសថារដ្ឋបាលថ្មីរបស់លោកបានត្រៀមខ្លួនជាស្រេច ដើម្បីលក់យន្ដហោះចម្បាំង F-35 ទៅឱ្យទីក្រុងញូវដេលី។ «ផ្ដើមពីឆ្នាំនេះទៅ យើងនឹងបង្កើនការលក់ សព្វាវុធ ទៅឱ្យឥណ្ឌាក្នុងទំហំទឹកប្រាក់រាប់ពាន់លានដុល្លារ ហើយយើងក៏កំពុងត្រួសត្រាយផ្លូវដើម្បីលក់យន្ដហោះចម្បាំងបំបាំងកាយ F-35 ឱ្យឥណ្ឌាផងដែរ»។
គួរបញ្ជាក់ថា លោក ម៉ូឌី គឺជាមេដឹកនាំពិភពលោកទី៤ ដែលបានធ្វើទស្សនកិច្ចទៅកាន់សេតវិមាន ចាប់តាំងពីការវិលត្រឡប់មកកាន់អំណាចសាជាថ្មីរបស់លោក ត្រាំ។ លោក ត្រាំ ដែលកន្លងមកធ្លាប់បាន ត្អូញត្អែរពីបញ្ហាពាណិជ្ជកម្មជាមួយឥណ្ឌា បានព្រមព្រៀងជាមួយលោក ម៉ូឌីថាប្រទេសទាំង២នឹងធ្វើការងាររួមគ្នាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម៕