(អាឡេប៉ូ)៖ គ្រាន់តែបទឈប់បាញ់រយៈពេលបីថ្ងៃដែលត្រូវបានប្រកាសដោយប្រទេសរុស្ស៊ីបានបញ្ជប់ទៅភ្លាម ការប៉ះទង្គិចគ្នាសាថ្មី និងការវាយប្រហារតាមផ្លូវអាកាសក៏បានចាប់ផ្តើមផ្ទុះឡើងវិញទីក្រុង អាឡេប៉ូ ភាគខាងជើងនៃប្រទេសស៊ិរី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិច នាព្រឹកថ្ងៃចន្ទ ទី២៤ ខែតុលា ឆ្នាំ២០១៦។
ការប្រយុទ្ធគ្នាបានបន្តសាជាថ្មីម្តងទៀតនៅស្ទើរតែគ្រប់ទីកន្លែងនៃទីក្រុងអាឡេប៉ូ បន្ទាប់ពីបទឈបបាញ់ ជាឯកតោភាគីនេះបានបញ្ចប់ទៅដោយគ្មានការជម្លៀសខ្លួនអ្វីទាំងអស់ ដោយអង្គការសហប្រជាជាតិ (UN) បានសង្ឃឹមថានឹងអាចជួយប្រជាជនស៊ីវិលដែលបានទទួលរងរបួស ឲ្យចេញផុតពីតំបន់ភាគខាងកើតនៃទីក្រុង ដែលស្ថិតក្រោមការកាន់កាប់របស់ពួកឧទាមប្រឆាំងរដ្ឋាភិបាល ហើយ UN ក៏គ្រោងនឹងបញ្ជូនជំនួយទៅកាន់ ទីក្រុងអាឡេប៉ូនេះនៅក្នុងអំឡុងពេលបីថ្ងៃ នៃបទឈប់បាញ់នេះផងដែរ ប៉ុន្តែអ្វីទាំងអស់នេះបានទទួលភាពបរាជ័យ។
គួរបញ្ជាក់ដែរថាបទឈប់បាញ់ខាងលើត្រូវបានប្រកាសឡើងក្នុងគោលបំណង អនុញ្ញាតឲ្យប្រជាជនស៊ីវិល មានឱកាសចាកចេញពីតំបន់ភាគកើតទីក្រុងអាឡេប៉ូ ប៉ុន្តែមានតែមនុស្សប៉ុន្មាននាក់ប៉ុណ្ណោះ ដែលត្រូវបានគេរាយការណ៍ថាបានចេញពីតំបន់ទាំងនោះ ដោយប្រទេសរុស្ស៊ី និងរដ្ឋភិបាលស៊ីរី បានចោទប្រកាន់ពួកឧទ្ទាមប្រឆាំងរដ្ឋាភិបាលថា បានហាមឃាត់ប្រជាជនមិនឲ្យចាកចេញ ដើម្បីទុកធ្វើខែលទុកការពារខ្លួនពួកគេ៕