(ប្រ៊ុចសែល)៖ ក្រោយពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានជជែកតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃពុធ អ៊ុយក្រែននិងសម្ព័ន្ធមិត្តអឺរ៉ុបបានព្រមានពីលទ្ធភាព នៃ «កិច្ចព្រមព្រៀងកខ្វក់» មួយ ជុំវិញសង្រ្គាមអ៊ុយក្រែន ដែលអាចនឹងកើតឡើងដោយគ្មានការចូលរួមពីពួកគេ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
ប្រធានគោលនយោបាយការបរទេសអឺរ៉ិប លោកស្រី Kaja Kallas បានថ្លែងថា «កិច្ចព្រមព្រៀងណាមួយដោយគ្មានពួកយើងនឹងបរាជ័យ ពីព្រោះអ្នកត្រូវការអឺរ៉ុបនិងអ៊ុយក្រែនដើម្បីអនុវត្តកិច្ចព្រមព្រៀង...រាល់ការជួសជុលរហ័សគឺជាកិច្ចព្រមព្រៀងកខ្វក់»។
ទន្ទឹមគ្នានេះ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Andrii Sybiha បានបញ្ជាក់ថា «គ្មានអ្វីអាចត្រូវបានពិភាក្សាលើអ៊ុយក្រែនដោយគ្មានអ៊ុយក្រែន ឬនៅលើអឺរ៉ុបដោយគ្មានអឺរ៉ុបនោះទេ»។
ការព្រួយបារម្ភនេះ កើតឡើងបន្ទាប់ពីរដ្ឋបាលអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហើបថាអ៊ុយក្រែនប្រហែលជាមិនអាចយកទឹកដីទាំងអស់មកវិញ ឬចូលរួមជាមួយអង្គការណាតូបានទេ ហើយថាអាមេរិកនឹងមិនដាក់ពង្រាយកងទ័ព ក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងសន្តិសុខណាមួយឡើយ។
គួរបញ្ជាក់ថា ការសន្ទនាតាមទូរស័ព្ទរវាងលោកត្រាំ និងលោក ពូទីន បានបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ក្នុងចំណោមអ៊ុយក្រែន និងសម្ព័ន្ធមិត្តអឺរ៉ុប ដែលខ្លាចក្រែងមានកិច្ចព្រមព្រៀងសន្តិភាពមួយ ត្រូវបានសម្រេចដោយគ្មានការចូលរួមពីពួកគេ និងអាចនឹងធ្វើឱ្យ អ៊ុយក្រែនបាត់បង់ទឹកដី៕