(ហុងកុង)៖ ផែនការដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានលេចចេញជារូបរាងបណ្ដើរៗហើយ ដោយរដ្ឋបាលរបស់លោកហាក់ដូចជាបានទទួលយកលក្ខខណ្ឌ មួយចំនួនរបស់រុស្ស៉ីដែលទាមទារថាអ៊ុយក្រែនមិនគួរក្លាយជាសមាជិក NATO និងមិនអាចទាមទារយកមកវិញនូវទឹកដីនៃព្រំដែនអធិបតេយ្យរបស់ខ្លួន នៅមុនឆ្នាំ២០១៤នោះទេ។ នៅក្នុងបរិបទនៃការផ្លាស់ប្ដូរ គោលជំហរសហរដ្ឋអាមេរិកកន្លងមកចំពោះសន្តិភាពនៅអ៊ុយក្រែន អាទិភាពមួយផ្សេងទៀតរបស់រដ្ឋបាលលោក ត្រាំ នោះគឺ «បង្វែរការផ្តោតអារម្មណ៍ចេញពីអឺរ៉ុប ងាកទៅផ្តោតលើការប្រជែងជាមួយចិន»។

ថ្លែងទៅកាន់កិច្ចប្រជុំមួយក្នុងទីក្រុងព្រុចសែល កាលពីថ្ងៃទី១២ ខែកុម្ភៈ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បាននិយាយថាសហរដ្ឋអាមេរិកលែងអាចផ្ដោតជាចម្បងលើសន្តិសុខអឺរ៉ុប តទៅទៀត ហើយ។ តាមប្រមុខការពារជាតិអាមេរិករូបនេះ រឿងចម្បងមួយដែលអាមេរិកត្រូវផ្ដោត គឺសន្តិសុខព្រំដែនរបស់សហរដ្ឋអាមេរិក ហើយរឿងមួយទៀតនោះគឺចិន។ «យើងក៏កំពុងប្រឈមមុខផងដែរជាមួយគូប្រជែង មួយ ក្នុងគណបក្សកម្មុយនិស្តចិនដែលមានសមត្ថភាព និងចេតនាគំរាមកំហែងដល់មាតុភូមិរបស់យើង ក៏ដូចជាផលប្រយោជន៍ស្នូលរបស់យើងក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក»។ នេះជាការកត់សម្គាល់របស់លោក Hegseth ដោយបន្ថែមថា «សហរដ្ឋអាមេរិកកំពុងផ្តោតជាអាទិភាពលើការកំញើញទប់ស្កាត់សង្រ្គាមជាមួយចិនក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ទទួលស្គាល់ការពិតនៃការខ្វះខាត និងការប្រមូលផ្ដុំធនធានដើម្បីធានាឱ្យ បានថាកំញើញនឹងមិនបរាជ័យ»។

គ្មានអ្វីត្រូវសង្ស័យឡើយ ច្បាស់ណាស់ចិនកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះការអត្ថាធិប្បាយរបស់លោក Hegseth ដែលបានកើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិកកាលពីដើមខែកុម្ភៈនេះបានបង្កើន ការប្រកួតប្រជែងសេដ្ឋកិច្ចជាមួយចិន តាមរយៈការដំឡើងពន្ធ ១០ភាគរយបន្ថែមលើមុខទំនិញនាំចូលពីចិន។ ចិនបានស្វាគមន៍នូវការចាប់ផ្ដើមប្រកបដោយភាពកក់ក្ដៅដែលគ្មាននរណានឹកស្មានដល់នៃ ការចាប់ផ្ដើមអាណត្តិទី២ នៃរដ្ឋបាលលោក ត្រាំ ស្របពេលលោក ត្រាំផ្ទាល់បានបង្ហាញម្ដងហើយម្ដងទៀតពីទស្សនៈវិជ្ជមានចំពោះប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងលទ្ធភាពសម្រាប់កិច្ចសហប្រតិបត្តិការ រវាងមេដឹកនាំទាំង២។ ក្រុមមន្ត្រីនៅក្នុងទីក្រុងប៉េកាំង ក៏ទំនងជារំពឹងដែរថាគោលនយោបាយ «America First» របស់លោក ត្រាំ អាចនឹងធ្វើឱ្យសម្ព័ន្ធភាពរបស់សហរដ្ឋអាមេរិកជាមួយសម្ព័ន្ធមិត្តក្នុងតំបន់អាស៊ី ចុះទន់ខ្សោយ។ ចិនមិនដែលសប្បាយនោះទេ នៅពេលបានឃើញភាពល្អូនល្អិននៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ដូចជាជប៉ុន កូរ៉េខាងត្បូង និងហ្វីលីពីន ក្រោមអាណត្តិដឹកនាំ អតីតប្រធានាធិបតីអាមេរិក លោក ចូ បៃដិន។

ដូច្នេះចាប់ពីឥលូវនេះទៅ ចិននឹងកាន់តែបង្កើនការឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ថាតើសហរដ្ឋអាមេរិកអាចនឹងកែប្រែសកម្មភាព និងការផ្តោតរបស់ខ្លួនយ៉ាងដូចម្ដេច នៅក្នុងតំបន់មួយជាទីដែលប៉េកាំងសម្លឹង ឃើញការពង្រីកឥទ្ធិពល និងពង្រឹងការទាមទាររបស់ខ្លួនលើតំបន់សមុទ្រចិនខាងត្បូង និងកោះតៃវ៉ាន់។ ក្រៅពីនេះ ចិនអាចនឹងរង់ចាំមើលថាតើលោក ដូណាល់ ត្រាំ អាចទាក់ទាញចិត្តរបស់លោក ពូទីន ឬក៏អាច ទាញរុស្ស៉ីដែលជាសម្ព័ន្ធមិត្តយុទ្ធសាស្ត្រដ៏សំខាន់របស់លោក ស៊ី ជីនពីង ក្នុងការប្រជែងឥទ្ធិពលជាមួយលោកខាងលិច ឱ្យចេញឆ្ងាយពីប៉េកាំង និងងាកទៅរកទីក្រុងវ៉ាស៊ីនតោនបានដល់កម្រិតណា?

លោក ស៊ី ជីនពីង និងលោក ពូទីន បានប្រកាសពី «ភាពជាដៃគូគ្មានព្រំដែន» តែប៉ុន្មានថ្ងៃប៉ុណ្ណោះមុននឹងរុស្ស៉ីបើកការឈ្លានពានចូលអ៊ុយក្រែនកាលពីឆ្នាំ២០២២។ ប្រទេសទាំង២ នៅតែបន្តពង្រឹងទំនាក់ទំនង នឹងគ្នាអំឡុងសង្រ្គាម ខណៈចិនបានក្លាយជាដៃគូសេដ្ឋកិច្ចដ៏សំខាន់សម្រាប់រុស្ស៉ី តាមរយៈការផ្គត់ផ្គង់ផលិតផលដែលអាចប្រើបានទាំងស៊ីវិល និងយោធា ដែលត្រូវបានលោកខាងលិចចោទថាបានជួយផ្ដល់ ថាមពលដល់ឧស្សាហកម្មអាវុធរបស់រុស្ស៉ី។ តែប៉េកាំងបានអះអាងថាវាគ្រាន់តែជាពាណិជ្ជកម្មធម្មតាប៉ុណ្ណោះ។ ការខិតជិតគ្នារវាងរុស្ស៉ី និងចិន ត្រូវបានគេមើលឃើញថាដោយសារតែប្រយោជន៍រួម នោះគឺ ការទប់ទល់ជាមួយ NATO និងលោកខាងលិចដឹកនាំដោយសហរដ្ឋអាមេរិក។ លោក ស៊ី ជីនពីង និងលោក ពូទីន បានបង្កើតសម្ព័ន្ធភាពមួយមិនមែនលោកខាងលិច ខណៈបង្កើនការធ្វើសមយុទ្ធយោធារួមគ្នា ហើយ គាំទ្រគ្នាទៅវិញទៅមកនៅឯ UN។ ទាំងនេះមានន័យថាវាជាសារព្រមានមួយដែរថាទំនាក់ទំនងរបស់លោក ពូទីន ជាមួយសហរដ្ឋអាមេរិក អាចនឹងបង្កផលប៉ះពាល់យ៉ាងសម្បើមដល់សមត្ថភាពរបស់ចិន ក្នុងការទប់ទល់ ឬវាយបកទៅនឹងសម្ពាធពីសហរដ្ឋអាមេរិក រួមទាំងការជំរុញចក្ខុវិស័យរបស់លោក ស៊ី ជីនពីង ដើម្បីបង្កើតសណ្ដាប់ធ្នាប់ពិភពលោកថ្មីមួយជំនួសសណ្ដាប់ធ្នាប់ពិភពលោកសព្វថ្ងៃគ្រប់គ្រងដោយ សហរដ្ឋអាមេរិក។

ហើយភ្លាមៗ វាក៏មានការចោទសួរផងដែរថាតើលោក ស៊ី ជីនពីង នឹងចូលរួមសម្របសម្រួលបញ្ចប់សង្រ្គាមអ៊ុយក្រែនជាមួយលោក ត្រាំ ឬក៏ត្រូវឈរមើលនៅម្ខាងពីដំណើរការស្វែងរកសន្តិភាព ដែលក្រុមមន្ត្រីចិន ធ្លាប់អះអាងថាប៉េកាំងនឹងដើរតួនាទីយ៉ាងសំខាន់។ ក្រុមអ្នកវិភាគបាននិយាយថាចិនប្រហែលជាអាចនឹងយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើរបៀបដែលសហរដ្ឋអាមេរិក និងសហគមន៍អន្តរជាតិដោះស្រាយ សង្រ្គាមអ៊ុយក្រែន ដើម្បីត្រៀមសេណារីយ៉ូសម្រាប់តៃវ៉ាន់។ ចិនបានអះអាងថាតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន និងបានព្រមានថាអាចប្រើកម្លាំងយោធាបង្រួបបង្រួមជាតិក្នុងករណីចាំបាច់។ សហរដ្ឋអាមេរិក វិញ ជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់ដល់តៃវ៉ាន់។ អតីតទីប្រឹក្សាសន្តិសុខជាតិរបស់លោក ត្រាំ គឺលោក John Bolton បាននិយាយថាចិនក្នុងពេលបច្ចុប្បន្នមើលឃើញថាសហរដ្ឋអាមេរិកគ្មានឆន្ទៈធ្វើសកម្មភាព ប្រឆាំងនឹងការឈ្លានពានមួយនៅលើទឹកដីអឺរ៉ុបទេ ចុះបើដូច្នេះតើចិននឹងគិតយ៉ាងណាដែរចំពោះតៃវ៉ាន់៕