(វ៉ាស៊ីនតោន)៖ ក្រុម Hacker អាមេរិកដែលឱ្យឈ្មោះខ្លួនឯងថា The Jester(តួរត្លុកកំប្លែង) បានវាយប្រហារ តាមបណ្តាញអ៊ីធើណែតប្រឆាំង នឹងគេហទំព័ររបស់ក្រសួងការបរទេសរុស្ស៊ី ដើម្បីជាកាសងសឹងទៅនឹងអ្វីដែល The jaster ចោទថាទីក្រុងមូស្គូបានដឹកនាំការវាយប្រហារព័ត៌មានវិទ្យា លើគេហទំព័រដ៏មានប្រជាប្រិយភាព ជាច្រើននៅក្នុងសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយ សា្ថនីយ៍ទូរទស្សន៍ CNN នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែតុលា ឆ្នាំ២០១៦។
The Jester បានវាយប្រហារព័ត៌មានវិទ្យាប្រឆាំងនឹងគេហទំព័រ របស់ក្រសួងការបរទេសរុស្ស៊ីកាលពីថ្ងៃសុក្រ និងថែមទំាងព្រមានដូច្នេះថា «មិត្តភក្តិទាំងអស់គ្នា! យើងបានរំខានដល់កម្មវិធី នៃគេហទំព័ររបស់ក្រសួងការបរទេសរុស្ស៊ី។ អ្នក(រុស្ស៊ី) គួរតែបញ្ឈប់វាទៅ! ព្រោះថាប្រហែលជាអ្នកអាចធ្វើសកម្មភាពអាក្រក់ទៅលើ ប្រទេសនៅជុំវិញអ្នកប៉ុណ្ណោះ ប៉ុន្តែនៅទីនេះគឺសហរដ្ឋអាមេរិក អ្នកមិនអាចធ្វើឱ្យអ្នកណាម្នាក់ព្រឺដោយសារតែអ្នកនោះទេ»។
គួរបញ្ជាក់ថា អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova ក៏បានទទួលស្គាល់ផងដែរថា គេហទំព័រផ្លូវរបស់ក្រសួងពិតជាត្រូវបានគេវាយប្រហារ ព័ត៌មានប្រាកដមែន ប៉ុន្តែមិនបានបញ្ជាក់ថាជា Hacker មកពីប្រទេសណានោះឡើយ៕