Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រុស្ស៊ី ចាប់អារម្មណ៍ជំហររបស់លោក ដូណាល់ ត្រាំ លើការបញ្ច​ប់សង្គ្រាមអ៊ុយក្រែន, តែត្រូវការភាពច្បាស់លាស់ (Video inside)

13-02-2025 20:40

(ម៉ូស្គូ)៖ វិមានក្រឹមឡាំង បានបង្ហាញពីការចាប់អារម្មណ៍ លើជំហររបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ជុំវិញការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ដោយបញ្ជាក់ថា ទីក្រុងម៉ូស្គូត្រៀមខ្លួនសម្រាប់កិច្ចសន្ទនា។ ទោះជាយ៉ាងណា រុស្ស៊ីក៏បានសង្កត់ធ្ងន់លើភាពចាំបាច់នៃសកម្មភាពជាក់ស្តែងពីសំណាក់សហរដ្ឋអាមេរិក ជាជាងគ្រាន់តែជាពាក្យសម្តី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

ការណ៍នេះកើតឡើងក្រោយជំនួបសន្ទនាតាមទូរស័ព្ទ រវាងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងលោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ ដែលជាទំនាក់ទំនងដោយផ្ទាល់ជាលើកដំបូង រវាងមេដឹកនាំទាំងពីរ ចាប់តាំងពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ ២០២២។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបញ្ជាក់ថា រុស្ស៊ីមានការចាប់អារម្មណ៍ចំពោះជំហររបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ជាងរដ្ឋបាលមុនដែលដឹកនាំដោយលោក Joe Biden ដោយលោកបានប្រៀបធៀបរដ្ឋបាលទាំងពីរថា រដ្ឋបាលរបស់លោក Biden ចង់រក្សាសង្រ្គាមឱ្យបន្តកើតឡើង ខណៈដែលលោក ត្រាំ ចង់បញ្ចប់សង្រ្គាម។

ទោះជាយ៉ាងណា លោក Peskov ក៏បានបង្ហាញការប្រុងប្រយ័ត្នចំពោះការចរចា និងបានទាមទារឱ្យមានសកម្មភាពជាក់ស្តែង ពីសំណាក់អាមេរិកនិងអ៊ុយក្រែន។ លោកបាននិយាយថា រុស្ស៊ីនឹងមិនចូលរួមក្នុងការចរចាណាមួយ ដែលមិនផ្អែកលើសកម្មភាពជាក់ស្តែងនោះទេ។

គួរបញ្ជាក់ថា អនាគតនៃសង្រ្គាមនៅអ៊ុយក្រែន នៅតែមិនច្បាស់លាស់នៅឡើយទេ។ ប៉ុន្តែ ការប្រកាសរបស់លោក ត្រាំ និងលោក ពូទីន បានផ្តល់នូវក្តីសង្ឃឹមខ្លះៗសម្រាប់ការបញ្ចប់ជម្លោះតាមរយៈការចរចា៕