Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាល្លឺម៉ង់៖ សន្តិភាពនៅអ៊ុយក្រែន ត្រូវតែមានការចូលរួមពីអាមេរិក, បដិសេធដំណោះស្រាយដោយបង្ខំ (Video inside)

13-02-2025 20:23

(ប៊ែរឡាំង)៖ អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានអះអាងយ៉ាងម៉ឺងម៉ាត់ថា ដំណោះស្រាយណាមួយ ចំពោះជម្លោះនៅអ៊ុយក្រែនត្រូវតែមានការចូលរួមពីសហរដ្ឋអាមេរិក ហើយបានបដិសេធគំនិត នៃសន្តិភាពដែលត្រូវបានកំណត់ ឬដាក់ឱ្យអនុវត្តដោយបង្ខំ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្នុងបទសម្ភាសន៍ជាមួយ Politico ដែលចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ លោក Olaf Scholz បានបញ្ជាក់ពីជំហររបស់អាល្លឺម៉ង់ ជុំវិញដំណោះស្រាយចំពោះសង្គ្រាមនៅអ៊ុយក្រែន ដូច្នេះថា «វាច្បាស់ណាស់សម្រាប់ខ្ញុំគឺថា «ការចូលរួមរបស់សហរដ្ឋអាមេរិក គឺចាំបាច់សម្រាប់ដំណោះស្រាយនៅអ៊ុយក្រែន» ដោយសង្កត់ធ្ងន់ថា «កិច្ចការបន្ទាប់ គឺត្រូវធានាថា មិនមានសន្តិភាពដែល ត្រូវបានកំណត់នោះទេ»។

គួរបញ្ជាក់ថា បទសម្ភាសន៍នេះ ត្រូវបានធ្វើឡើងកាលព្រឹកថ្ងៃពុធ មុនពេលប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ បានពិភាក្សាតាមទូរស័ព្ទជាមួយប្រធានាធិបតី រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelenskiy នេះបើតាម ការបញ្ជាក់ របស់ Politico៕