(តេហេរ៉ង់)៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រ៉ូហានី (Hassan Rohani) បានអះអាងថាលោកមិនចាប់ចិត្ត ទាល់តែសោះរវាងបេក្ខភាពប្រធានាធិបតីអាមេរិកទាំងពីរគឺលោកស្រី ហ៊ីលឡារី គ្លីនតុន និងលោក ដូណាល់ ត្រាំ ត្បិតអីសម្រាប់លោកក្នុងចំណោមអ្នកទំាងពីរ មួយជាជម្រើសអាក្រក់ ហើយមួយទៀតរឹតតែអាក្រក់។ នេះ បើតាមការចុះផ្សាយដោយសារព័ត៌មាន Russian Today នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែតុលា ឆ្នាំ២០១៦។
ថ្លែងនៅក្នុងសុន្ទកថាមួយនៅឯទីក្រុងArak នៃភាគកណ្ដាលប្រទេសអ៊ីរ៉ង់ លោក ហាសាន់ រ៉ូហានី បាននិយាយថា «នៅអង្គការសហប្រជាជាតិមានប្រធានាធិបតីនៃប្រទេសមួយបានសួរខ្ញុំថា តើរវាងលោក ត្រាំ និងលោកស្រី គ្លីនតុន បេក្ខជនមួយណាដែលខ្ញុំពេញចិត្តហើយខ្ញុំសួរទៅវិញថា តើឱ្យខ្ញុំរើសបានដោយរបៀបណាទៅ បើម្នាក់អាក្រក់ហើយម្នាក់ទៀតអាក្រក់បំផុតនោះ?» លោក រ៉ូហានី បានបន្តថា «តើយើងចង់បានលិទ្ធិ ប្រជាធិបតេយ្យ និងការបោះឆោ្នតរបៀបម៉េចនៅក្នុងប្រទេសរបស់យើង។ មោទនភាពរបស់យើងគឺ អ៊ីស្លាម (....) យើងមានមោទនភាពចំពោះប្រទេសអ៊ីរ៉ង់ និងអ៊ីស្លាម»។
គួរបញ្ជាក់ថាលោក ដូណាល់ ត្រាំ ធ្លាប់បានសន្យាថា បើសិនជាលោកជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក លោកនឹងលុបចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែជាមួយនឹងអ៊ីរ៉ង់ កាលពីខែកក្កដា ឆ្នាំ២០១៥ ខណៈមេដឹកនាំ កំពូលអ៊ីរ៉ង់លោក អាលី ខាមេនី (Ali Khamenei) ឆ្លើយតបថាបើសិនជាលោក ត្រាំ ធ្វើរឿងនេះពិតមែនគាត់ (លោកត្រំា) នឹងត្រូវភ្លើងដុតសម្លាប់៕