(ហាណូយ)៖ ប្រទេសវៀតណាម នៅថ្ងៃព្រហស្បតិ៍នរះ បានប្រកាសពីការត្រៀមខ្លួន ក្នុងការ ចូលរួមពិភាក្សាជាមួយសហរដ្ឋអាមេរិក ជុំវិញពន្ធគយថ្មីលើដែកថែបដែលដាក់ដោយទីក្រុងវ៉ាស៊ីនតោន កាលពីពេលថ្មីៗនេះ ដើម្បីស្វែងរកដំណោះស្រាយមួយសំដៅជៀសវាងហានិភ័យ នៃកាតព្វកិច្ចបន្ថែមនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថា «វៀតណាមត្រៀមខ្លួនរួចជាស្រេច ដើម្បីពិភាក្សាជាមួយសហរដ្ឋអាមេរិក ក្នុងលក្ខណៈស្ថាបនា»។ អ្នកនាំពាក្យរូបនោះ បានបន្ថែមថាវៀតណាមក៏ត្រៀមខ្លួន ពិភាក្សាអំពីពន្ធថ្មីលើដែកថែប ដើម្បីស្វែងរកដំណោះស្រាយដែលផ្តល់ផលប្រយោជន៍ដល់ភាគីទាំពីរផងដែរ។
គួរបញ្ជាក់ថា វៀតណាមដែលជាមជ្ឈមណ្ឌលឧស្សាហកម្មមួយនៅអាស៊ីអាគ្នេយ៍ ត្រូវបានរងផលប៉ះពាល់ ដោយសារការដាក់ពន្ធថ្មី ២៥% របស់ទីក្រុងវ៉ាស៊ីនតោន លើការនាំចូលដែកថែប ខណៈដែលប្រទេសនេះជាអ្នកនាំចេញដែកថែបដ៏សំខាន់មួយ ទៅកាន់សហរដ្ឋអាមេរិក៕