(វ៉ាស៊ីនតោន)៖ មនុស្សចំនួន១៣នាក់បានស្លាប់ និង៣១នាក់ផ្សេងទៀតបានទទួលរងរបួសបន្ទាប់ពី រថយន្តក្រុងទេសចរមួយគ្រឿង បានជិះទៅបុកពីចំពីក្រោយរថយន្តដឹកទំនិញធុនធំ នៅលើមហាវិធីមួយកន្លែង នៃភាគខាងត្បូងរដ្ឋកាលីហ្វរ សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asian នាព្រឹកថ្ងៃចន្ទ ទី២៤ ខែតុលា ឆ្នាំ២០១៦។
មន្ត្រីប៉ូលិស Jim Abele ដែលស្ថិតនៅកន្លែងកើតហេតុបានប្រាប់ក្រុមអ្នកសារព័ត៌មានថា រថយន្តក្រុងខាងលើ បានធ្វើដំណើរសំដៅឆ្ពោះទៅ ទិសខាងលិច តាមដងមហាវិថី Interstate 10 ហើយគ្រោះថ្នាក់ដ៏សាហាវនេះ ក៏បានកើតឡើងនៅក្បែរទីក្រុងPalm Springs ដែលស្ថិតនៅចម្ងាយប្រមាណ១៦០គីឡូម៉ែត្រភាគខាងកើត ទីក្រុង Lost Angeles នៃរដ្ឋកាលីហ្វរញ៉ានោះតែម្តង។
លោក Abele បានបញ្ជាក់ថាដោយសារតែល្បឿនលឿន របស់រថយន្តក្រុង បានធ្វើកន្ទុយរថយន្តដឹកទំនិញ ធុនធំនោះបុកចូលទៅក្នុងរថយន្តក្រុង ដល់ទៅជម្រៅជិតប្រាំម៉ែត្រ ហើយបានបណ្តាលឲ្យ អ្នកដំណើរ ១៣នាក់ស្លាប់ដោយរួមបញ្ចូល ទាំងអ្នកបើកបរផងដែរ ហើយ៣១នាក់ទៀត ត្រូវបានគេជឿជាក់ថា បានទទួលរងរបួសទាំងធ្ងន់ និងស្រាល។
លោក Jim Alebe ក៏បានឲ្យដឹងដែរថា រថយន្តក្រុងខាងលើទើបតែបានទទួលការត្រួតពិនិត្យបច្ចេកទេស ប៉ុណ្ណោះហើយវាគ្មានសញ្ញាមួយណាដែលអាចបង្ហាញថា គ្រោះថ្នាក់ខាងលើបានបណ្តាលមកពី បញ្ហាបច្ចេកទេសនោះឡើយ។ ម្យ៉ាងវិញទៀតគេមិនទាន់ដឹងច្បាស់ទេថាបញ្ហា ជាតិស្រវឹង គ្រឿងញៀន ឬមួយក៏ភាពអស់កម្លាំង ដែលជាកត្តាបង្កឲ្យមានសោកនាដកម្មនេះ ឬយ៉ាងណានោះដែរដោយគេ បានត្រឹមដឹងថាវាបានធ្វើដំណើរ ក្នុងល្បឿនលឿនគួរសមជាងរថយន្តដឹកទំនិញ ដែលរថយន្តក្រុងនោះបានទៅបុកចំពីក្រោយពេញទំហឹង៕