(ម៉ានីល)៖ មន្ត្រីការទូតជាន់ខ្ពស់របស់សហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការតំបន់អាស៊ី បានធ្វើដំណើរមកដល់ ប្រទេសហ្វីលីពីនហើយនិងគ្រោងជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេស នៃប្រទេសអាស៊ានមួយនេះ ដើម្បីធ្វើការវែកញែកគ្នាឲ្យច្បាស់លាស់ ជុំវិញការលើកឡើងកន្លងមកពី សំណាក់ប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូធើតេ ថានឹងចែកជើងគ្នាជាមួយអាមេរិកនោះ។ នេះបើតាមការចេញផ្សាយដោយ Channel News Asia នៅមុននេះបន្តិចនាព្រឹកថ្ងៃចន្ទ ទី២៤ ខែតុលា ឆ្នាំ២០១៦។
ដំណើរទស្សនកិច្ចនៃជំនួយការរដ្ឋមន្ត្រីការបរទេសអាមេរិក សម្រាប់តំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិកលោក Daniel Russel នេះគឺជាផ្នែកមួយនៃដំណើរទស្សនកិច្ចទៅកាន់បីប្រទេស នៅតំបន់អាស៊ីអាគ្នេយ៍ រួមមាន ហ្វីលីពីន ថៃ និង កម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គេហទំព័រនៃក្រសួងការបរទេស សហរដ្ឋអាមេរិកនៅថ្ងៃចន្ទ ខណៈលទ្ធផលនៃកិច្ចពិភាក្សា នឹងអាចឲ្យដឹង នៅល្ងាចថ្ងៃចន្ទនេះ បន្ទាប់ពីជំនួប ជាមួយលោក Perfecto Yasay រដ្ឋមន្ត្រីការបរទេសហ្វីលីពីនត្រូវបានបញ្ចប់។
គួរបញ្ជាក់ថាដំណើរទស្សនកិច្ចនៃមន្ត្រីជាន់ខ្ពស់អាមេរិកមកកាន់ទីក្រុងម៉ានីលពេលនេះ បានកើតឡើងមិន បានប៉ុន្មានថ្ងៃផងបន្ទាប់ពីលោក ឌូធើតេ បុរសខ្លាំងដំបូងរបស់ហ្វីលីពីនបានបញ្ចប់ ដំណើរទស្សនកិច្ចនៅ ទីក្រុងប៉េកាំងប្រទេសចិនដែលបានបោះជំហានដ៏ប្រសើរជាច្រើន ក្នុងការស្តារទំនាក់ទំនងលើគ្រប់វិស័យ រវាងប្រទេសទាំងពីរ ដែលធ្លាប់មានភាពរកាំរកូសគ្នាខ្លាំងលើ បញ្ហាសមុទ្រចិនខាងត្បូង។
ទោះបីជាបែបនេះក្តីលោក ឌូធើតេ ហាក់បានបន្ទន់ឥរិយាបទមកវិញទៅហើយកាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ ដោយលោកបានអះអាងថា សហរដ្ឋអាមេរិកនៅតែជាមិត្តជិតស្និតជាមួយនឹងហ្វីលីពីនដដែល បើទោះបីជាពេល ដែលលោកនៅទីក្រុងប៉េកាំងធ្លាប់បានប្រកាសថា «លាហើយសហរដ្ឋអាមេរិក» អំឡុងពេលដែលលោកកំពុង ធ្វើការផ្សះផ្សាទំនាក់ទំនងជាមួយទីក្រុងប៉េកាំង និងមានគំរោងបង្កើន ទំនាក់ទំនងជិតស្និត ជាមួយទីក្រុងមូស្គូបន្ថែមទៀតក៏ដោយ៕