(វ៉ាស៉ីនតោន)៖ កាសែត Washington Post បានរាយការណ៍នៅថ្ងៃពុធសប្តាហ៍នេះ ដោយផ្អែកលើប្រភពពីចារកម្មអាមេរិកថា អ៊ីស្រាអែលទំនងជាបើកការវាយប្រហារទប់ស្កាត់ជាមុន ដែលផ្តោតលើកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់ នាពាក់កណ្តាលឆ្នាំ ២០២៥នេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ ២០២៥។

របាយការណ៍ចារកម្មធ្វើឡើងនៅដើមខែមករា ផលិតដោយនាយកស៉ើបការណ៍សម្ងាត់នៃអគ្គសេនាធិការចម្រុះ និងទីភ្នាក់ងារស៉ើបការណ៍សម្ងាត់ជាតិ បានព្រមានថា អ៉ីស្រាអែល​ ​នឹងប៉ុនប៉ង​វាយប្រហារ​លើ​រោងចក្រ​នុយក្លេអ៊ែរ Fordow និង Natanz របស់​អ៉ីរ៉ង់។ ប្រសិនបើជាការពិត វានឹងបង្កើនភាពតានតឹងក្នុងតំបន់ ហើយធ្វើឱ្យជម្លោះរាលដាលកាន់តែធំ។ Reuters មិនអាចផ្ទៀងផ្ទាត់ព័ត៌មាននេះបានភ្លាមៗទេ ដោយសេតវិមានបដិសេធធ្វើអត្ថាធិប្បាយ។

គួរបញ្ជាក់ថា អ៉ីរ៉ង់ និងអ៉ីស្រាអែល បានវាយប្រហារគ្នាទៅវិញទៅមក កាលពីឆ្នាំមុន ចំពេលមានភាពតានតឹងកាន់តែខ្លាំង ជុំវិញសង្គ្រាមរបស់អ៉ីស្រាអែលនៅតំបន់ហ្កាហ្សា៕