(ញូវដែលី)៖ ប្រភពដែលទីភ្នាក់ងារព័ត៌មាន Reuters ទទួលបាន បានបង្ហើបឱ្យដឹងថា ឥណ្ឌារំពឹងនឹងលក់មីស៉ីលរយៈចម្ងាយខ្លី ឱ្យទៅហ្វីលីពីន ក្នុងឆ្នាំនេះ ក្រោមកិច្ចព្រមព្រៀងមួយ មានតម្លៃជាង២០០លានដុល្លារ ដែលនឹងជាកិច្ចព្រមព្រៀងនាំចេញអាវុធធំទី២ របស់ទីក្រុងញូវដែលី ជាមួយទីក្រុងម៉ានីល។ នេះបើតាមការចេញផ្សាយដោយ Reuters នាថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥។

មីស៉ីលឈ្មោះ Akash អភិវឌ្ឍឡើងដោយ អង្គភាពស្រាវជ្រាវសព្វាវុធរបស់រដ្ឋាភិបាលឥណ្ឌា ទទួលបានការចាប់អារម្មណ៍ពីហ្វីលីពីន ដែលបានប្រាប់ទីក្រុងញូវដែលីថា ខ្លួននឹងដាក់ការបញ្ជាទិញពួកវា នៅក្នុងឆ្នាំសារពើពន្ធ ដែលចាប់ផ្តើមពីខែមេសា ឆ្នាំនេះ។ មីស៉ីល​ខាងលើ គឺជាប្រភេទមីស៉ីលសម្រាប់បាញ់ចេញពីដីគោក ទៅកាន់ផ្ទៃអាកាស និងមានរយៈចម្ងាយ២៥គីឡូម៉ែត្រ ហើយពួកវាធ្លាប់​ត្រូវបានលក់ឱ្យទៅប្រទេសអាមេនី កាលពីឆ្នាំមុន ក្នុងកិច្ចព្រមព្រៀងទំហំ២៣០លានដុល្លារ។ ដោយឡែក ការលក់ឱ្យទៅហ្វីលីពីន ត្រូវបានរំពឹងថា នឹងមានទំហំធំជាង កិច្ចព្រមព្រៀងជាមួយអាមេនី ទៅទៀត។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងខាងលើនេះ នឹងមានកើតមានឡើង បន្ទាប់ពីកិច្ចព្រមព្រៀង ទំហំ៣៧៥លានដុល្លារ របស់ឥណ្ឌា ស្តីពីការលក់មីស៉ីលគ្រូសល្បឿនលឿនជាងសំឡេង BrahMos កម្រិត supersonic ដែលមានរយៈចម្ងាយមធ្យម ឱ្យហ្វីលីពីន កាលពីឆ្នាំ២០២២៕