(ស៉ីដនី)៖ អូស្រ្តាលីបានឱ្យដឹងថា យន្តហោះចម្បាំងចិន១គ្រឿង បានធ្វើសកម្មភាពប្រកបដោយគ្រោះថ្នាក់ និងខ្វះវិជ្ជាជីវៈ ចំពោះយន្តហោះល្បាតរបស់យោធាអូស្រ្តាលី នៅលើសមុទ្រចិនខាងត្បូង កាលពីថ្ងៃអង្គារសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥។

ក្រសួងការពារជាតិអូស្រ្តាលី នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា យន្តហោះល្បាតដែនសមុទ្រ P-8A Poseidon ១គ្រឿង របស់កងទ័ពអាកាសអូស្រ្តាលី បានធ្វើប្រតិបត្តិការជាប្រចាំរបស់ខ្លួន លើសមុទ្រចិនខាងត្បូង នៅពេលដែលយន្តហោះចម្បាំង J-16 ១គ្រឿង របស់កងទ័ពអាកាសចិន ស្រាប់តែបានមកទម្លាក់កម្ទេចផ្កាភ្លើង នៅកៀកនឹងយន្តហោះ P-8A ខណៈវាគឺជាទង្វើគ្មានសុវត្ថិភាព និងគ្មានវិជ្ជាជីវៈ ដែលបង្កហានិភ័យទាំងចំពោះយន្តហោះនោះផ្ទាល់ និងក្រុមការងារនៅលើយន្តហោះ។

ក្រសួងការពារជាតិអូស្រ្តាលី ក៏បានឱ្យដឹងពី ការប្រទះឃើញវត្តមាននាវាយោធាចិនប៉ុន្មានគ្រឿង ធ្វើប្រតិបត្តិការ នៅក្បែរភាគខាងជើងប្រទេសអូស្រ្តាលីផងដែរ ហើយបានសង្កត់ធ្ងន់ដូច្នេះថា «អូស្រ្តាលីគោរពសិទ្ធិរបស់ប្រទេសទាំងអស់ ក្នុងការអនុវត្តសេរីភាពនៃការធ្វើនាវាចរណ៍ និងការហោះហើរឆ្លងកាត់ ស្របទៅតាមច្បាប់អន្តរជាតិ ដូចដែលយើងរំពឹង ប្រទេសដទៃទៀត គោរពសិទ្ធិរបស់អូស្រ្តាលី ក្នុងការធ្វើដូចគ្នា»

គួរបញ្ជាក់ថា កាលពីឆ្នាំមុន ក៏ធ្លាប់មានហេតុការណ៍ស្រដៀងគ្នា កើតឡើងរវាងយន្តហោះចម្បាំងចិន និងឧទ្ធម្ភាគចក្រយោធា​របស់អូស្រ្តាលី នៅលើតំបន់សមុទ្រចិនខាងត្បូងដដែល ផងដែរ៕